ដើម្បីឱ្យងាយស្រួលសម្រាប់អត្តពលិក និងអ្នកចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជា នៅពេលខាងមុខនេះ ក្រុមការងារកម្ពុជានឹងបំពាក់ប្រព័ន្ធ Wi-Fi ដើម្បីប្រកាសអីនធើណែតឱ្យបានងាយស្រួលក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបញ្ជាក់ថា៖ «ជាទូទៅ យើងឃើញថា ការយកចិត្តទុកដាក់នេះ គឺបានបំពេញនូវការបំពាក់ Wi-Fi នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោផង នៅភូមិកីឡាផង និងបរិវេណទីធ្លាសាធារណៈក៏ត្រូវដាក់បំពាក់ Wi-Fi ផងដែរ។ អ៊ីចឹង ការបំពាក់ Wi-Fi នេះនៅក្នុងទីធ្លាពហុកីឡដ្ឋានជាតិមរតកតេជោ គឺបំពាក់សឹងតែគ្រប់ទីកន្លែងទាំងអស់។ នេះហើយ គឺជាការយកចិត្តទុកដាក់ នៅក្នុងវិមានកីឡដ្ឋានមរតកតេជោ សម្រាប់មនុស្សប្រមាណ ៦ម៉ឺននាក់ ក៏យើងត្រូវមានការបំពាក់ Wi-Fi ផងដែរ។ ដូច្នេះ ទាំងពេលពិធីបើក-បិទ និងការប្រកួតផ្សេងៗទៀតក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ គឺយើងអាចប្រើប្រាស់បាន ដែលធ្វើឱ្យកំណើននៃការផ្សាយចេញរូបភាពទាំងអស់នៅក្នុងពហុកីឡដ្ឋាន គឺបានទូលំទូលាយ និងជះឥទ្ធិពលទៅខាងក្រៅបានល្អ»។
លើសពីនេះទៅទៀត ឯកឧត្តមអគ្គលេខាធិការក៏បានសង្កត់ធ្ងន់ថា ប្រព័ន្ធ Wi-Fi នេះ ក៏នឹងត្រូវបំពាក់នៅមជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មានអន្តរជាតិ (International Broadcast Center – IBC) និងមជ្ឈមណ្ឌលអ្នកសារព័ត៌មានផងដែរ។ ទីនេះ ជាតម្រូវការចាំបាច់សម្រាប់ការផ្សព្វផ្សាយព័ត៌មាន។ តាមរយៈការបំពាក់ប្រព័ន្ធ Wi-Fi ប្រើប្រាស់បែបនេះ នឹងផ្ដល់ភាពងាយស្រួលដល់ទាំងផ្នែកប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក៏ដូចជាមហាជនដែលចូលរួម បានផ្សព្វផ្សាយ និងចែករំលែកពីព្រឹត្តិការណ៍ឱ្យបានកាន់តែទូលំទូលាយ៕