លោក Sheikh Jassim Bin Hamad Al Thani បានផ្ញើនូវលិខិតត្អូញត្អែរមួយច្បាប់ទៅកាន់ក្រុមគ្រួសារ Glazer នេះបើយោងទៅតាមរបាយការណ៍មួយបានចុះផ្សាយកាលពីពេលថ្មីៗនេះ។ នៅដើមខែតុលានេះ ភាគីខាងកាតាលោក Sheikh Jassim បានសម្រេចចិត្ត ដើរចេញពីការដេញថ្លៃទិញក្លឹប Manchester United ដោយវាបានធ្វើឲ្យមហារសេដ្ឋីអង់គ្លេសលោក Sir Jim Ratchliffe ក្លាយជាបេក្ខភាពឈានមុខគេក្នុងដំណើរការទិញក្លឹប Manchester United ចំនួន២៥ភាគរយពី Glazer។
យ៉ាងណាមិញបើក្រឡែកទៅមើលសំណើររបស់លោក Sheikh Jassim គឺគាត់ចង់ទិញផ្តាច់ភាគហ៊ុនទាំងអស់ពីក្រុមគ្រួសារត្រកូល Glazer តែម្តង ដែលត្រូវបានគេជឿជាក់ថា មានតម្លៃច្រើនជាងតម្លៃទីផ្សារពោលគឺលើស៥ពាន់លានផោនទៅទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាមិញសំណើរទាំងនេះហាក់បីនៅមិនទាន់គ្រប់គ្រាន់សម្រាប់ Glazer ឡើយ ដោយពួកគេនៅតែច្រានចោលវាដដែល។ លោក Ratchliffe និងភាគីក្រុមហ៊ុនរបស់គាត់ INEOS. ត្រូវបានគេរំពឹងថា ចង់ចូលកាន់កាប់គ្រប់ផ្នែកទាំងអស់នៃក្រុម Manchester United ក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ពួកគេជាមួយនឹងដំណើរនៃការចូលកាន់កាប់ក្លឹប។ ហើយយោងទៅតាម SportZone បានចុះផ្សាយថាលោក Sheikh Jassim បានផ្ញើនៅសំបុត្រមួយច្បាប់ទៅកាន់ Glazer ក្រោយពួកគេសម្រេចចិត្តដើរចេញពីការដេញថ្លៃមួយនេះ។ យ៉ាងណាមិញលិខិតមួយនេះមិនត្រូវបានគេដឹងច្បាស់ឡើងក្នុងគោលបំណងអ្វី ប៉ុន្តែយោងទៅតាមមនុស្សដែលជិតស្និតនឹងលោក Jassim បានអះអាងថាលោក Jassim ជឿជាក់១០០ភាគរយថា Glazer មិនដែលចង់លក់ក្រុម Manchester United ហើយមូលហេតុដែលពួកគេប្រកាសដាក់លក់ក្លឹបគឺពួកគេគ្រាន់តែចង់លក់ភាគហ៊ុនមួយភាគតូចរបស់ពួកគេប៉ុណ្ណោះជាមួយនឹងតម្លៃដ៏ថ្លៃលើសពីទីផ្សារទៅទៀត។