លោក Carlo Ancelotti បានសរសើរ Jude Bellingham ហើយបានអះអាងថា ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ គឺជាអ្នកជំនួសខ្សែប្រយុទ្ធ Karim Benzema ។
កីឡាករអន្តរជាតិអង់គ្លេសរូបនេះ បានជួយក្រុមឈ្នះការប្រកួតបើកឆាកនៃក្របខណ្ឌ La Liga ដោយបានស៊ុតបញ្ចូលទីបាន ៣គ្រាប់រួចមកហើយ ក្នុងការបង្ហាញខ្លួនពីរលើកដំបូងសម្រាប់ក្លឹបថ្មីរបស់គាត់។
Real Madrid មិនទាន់បានចុះហត្ថលេខាលើអ្នកជំនួស Karim Benzema ដែលបានចាកចេញទៅចូលរួមជាមួយក្រុម Al-Ittihad របស់អារ៉ាប៊ីសាអូឌីតនៅឡើយទេ។
ក្រោយអវត្ដមាន Benzema ដែលជាខ្សែប្រយុទ្ធទោលមក លោក Ancelotti បានកែប្រែទម្រង់លេងក្រុមរបស់លោកបន្តិចក្នុងរដូវកាលថ្មីនេះ ខណៈដែលគ្រូបង្វឹកខាលើបានប្រើប្រាស់តារាចំណូលថ្មី Bellingham លេងតួនាទីជាកីឡាករលេខ១០ នៅពីក្រោយខ្សែប្រយុទ្ធពីររូបទៀត។
នៅពេលសួរអំពីការបដិសេធរបស់ Real Madrid ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មី បន្ទាប់ពីការចាកចេញរបស់ Benzema ដែលទៅកើបលុយដ៏ច្រើនសន្ធឹកសន្ធាប់នៅលើទឹកដីអារ៉ាប់នៅរដូវក្ដៅនេះ លោក Ancelotti បានប្រាប់វិទ្យុ Serie A ថា៖ “យើងជឿថាការមកដល់របស់ Bellingham នឹងមកជំនួសអវត្តមានរបស់ Karim Benzema”។
គ្រូបង្វឹកជនជាតិអ៊ីតាលីរបស់ក្លិប Real Madrid រូបនេះបញ្ជាក់ទៀតថា៖ “Bellingham គឺជាក្មេងប្រុសដែលមានភាពចាស់ទុំ និងមានគុណភាពខ្ពស់។ អ្វីដែលគាត់កំពុងធ្វើមិនគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកដែលស្គាល់គាត់នោះទេ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺគាត់មានអាយុត្រឹមតែ ២០ ឆ្នាំប៉ុណ្ណោះ”៕