លោក Akihiro Kato ប្រធានក្លឹប Angkor Tiger មានទំនុកចិត្តថាក្រុមជម្រើសជាតិកម្ពុជានឹងកាន់តែខ្លាំងឡើងជាលំដាប់ ប្រសិនបើមានក្លឹបនៅតាមបណ្ដាខេត្ត ឬតាមទីជនបទកាន់តែច្រើនឡើង។
លោក Kato បានបង្កើតក្លឹបបាល់ទាត់ Angkor Tiger ដែលបច្ចុប្បន្នមានមូលដ្ឋាននៅទឹកដីខេត្តសៀមរាប។ ក្លឹបមួយនេះ ទទួលបានប្រជាប្រិយភាពច្រើនពីសំណាក់អ្នកគាំទ្រនៅខេត្ត ក្រោយពីលោកបានចំណាយប្រាក់ផ្ទាល់ខ្លួនជាច្រើនដើម្បីកសាងវាឡើង។ ម្ចាស់ក្លឹបជនជាតិជប៉ុនរូបនេះ មិនខុសពី Honda ប៉ុន្មាននោះទេ លោកស្រលាញ់កម្ពុជា ស្រលាញ់វិស័យបាល់ទាត់នៅទីនេះទើបបានជាសម្រេចចិត្តបង្កើតក្លឹបទាំងដែលមិនមាន Sponsor ច្រើនអាចទ្រទ្រង់បានផង។
នៅពេលមើលឃើញពីការរីកចម្រើននៃបាល់ទាត់ក្នុងជម្រើសជាតិ លោក Kato ក៏សប្បាយចិត្ត ហើយរំពឹងថានឹងមានក្លឹបច្រើនទៀតរីកសុះសាយនៅតាមបណ្ដាខេត្តនានាទៀត។ លោក និយាយថា៖ “ក្រុមជម្រើសជាតិកម្ពុជាកាន់តែខ្លាំងឡើងៗ។ ខ្ញុំគិតថាមូលហេតុមួយដែលធ្វើឱ្យពួកគេកាន់តែខ្លាំងគឺការពង្រឹងក្រុមអាយុហ្វឹកហាត់ និងការមានលីគកម្ពុជា។ ប្រសិនបើមានក្លឹបបាល៉ទាត់នៅតំបន់ជនបទកាន់តែច្រើន យើងគ្រប់គ្នាគាំទ្រពួកគេ នោះពួកគេនឹងកាន់តែរឹងមាំ”៕