អតីតគ្រូបង្វឹកកាំភ្លើងធំលោក Arsene Wenger ជឿជាក់ដោយគ្មានការសង្ស័យថា Arsenal នឹងគ្រងតំណែងជើងឯកលីគកំពូលអង់គ្លេស Premier League នៅរដូវកាលក្រោយ។
ក្លិប Arsenal មិនបានលើកពានក្របខណ្ឌ Premier League ដែលជាលីគបាល់ទាត់កម្រិតកំពូលរបស់អង់គ្លេសនោះទេ ចាប់តាំងពីលោក Arsene Wenger ដឹកនាំឈ្នះកាលពីឆ្នាំ ២០០៣-០៤។
កាលពីគ្រងតំណែងជើងឯកកាលពី ២០ឆ្នាំមុននោះ Arsenal ជាក្រុមទី១ ហើយ ដែលបានឈ្នះពានមាសពី Premier League ក្រោយលើកពានជាមួយកំណត់ត្រាមិនដែលស្គាល់រសជាតិចាញ់សោះ។
អ្នកចាត់ការសញ្ជាតិបារាំង ដែលបាននាំក្រុមកាំភ្លើងធំឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់ ក្នុងរយៈពេល ២២ ឆ្នាំរបស់គាត់ជាមួយក្លឹបបាននិយាយទៅកាន់ ‘Eurosport’ ដើម្បីពិភាក្សាអតីតក្លឹបរបស់គាត់នាពេលបច្ចុប្បន្ននេះ ជាពិសេសការចុះហត្ថលេខាបំបែកកំណត់ត្រាលើខ្សែការពារ Declan Rice ដែលមានតម្លៃ ១០៥ លានផោន។
លោកតា Wenger បានលើកឡើងអំពីការផ្ដោតទៅលើកីឡាករក្មេងៗថា៖ “ខ្ញុំគិតថាវាជាការវិនិយោគដ៏ល្អ។ សរុបមក ខ្ញុំគិតថាពួកគេទិញបានល្អណាស់ ព្រោះពួកគេជាកីឡាករដែលចាស់ទុំ ២៣,២៤ឆ្នាំនៅតែក្មេង ដូច្នេះអាចនៅជាមួយគ្នាបានពីរបីឆ្នាំ”។
គ្រូបង្វឹកឆ្នើមដែលបច្ចុប្បន្នកំពុងបម្រើការងារនៅ FIFA ជឿជាក់ថានៅឆ្នាំនេះ បន្ទាប់ពីខិតជិតឈ្នះពានក្នុងស្រុកកាលពីរដូវកាលមុន ក្រុម Arsenal នឹងកាន់តែធ្វើបានល្អជាងមុនទៅទៀត។
លោកបាននិយាយថា៖ “ពួកគេនឹងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងបន្ទាប់ពីឆ្នាំមុន ប៉ុន្តែពួកគេបានរៀនច្រើន ហើយពួកគេអាចបង្ហាញថា ពួកគេអាចដោះស្រាយជាមួយនឹងសម្ពាធនោះបាននៅពេលឥឡូវនេះ”។
អតីតគ្រូឈ្នះពានមាសរូបនេះបានបន្តទៀតថា៖ “Arsenal ឥឡូវនេះស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុល្អ ហើយបានទិញអ្វីដែលពួកគេគិតថានឹងឈ្នះជើងឯក។ ខ្ញុំជឿជាក់ថាពួកយើងនឹងឈ្នះជើងឯកនៅរដូវកាលថ្មីនេះ ខ្ញុំជឿជាក់បែបនេះ”៕
ប្រភព: Besoccer