ក្លឹបអ្នកមានបុណ្យ Barcelona អាចនិងទទួលបានសំណងរាប់លានពីសំណាក់ FIFA បន្ទាប់ពីកីឡាករ GAVI ដែលលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញរបស់ពួកគេបានរងរបួសអំឡុងការប្រកួតជម្រុះ UEFA EURO 2024 ទល់និងប្រទេសហ្សកហ្ស៊ីកន្លងទៅ។ ខ្សែបម្រើវ័យ 19 ឆ្នាំរូបនេះបានលេងទាំងអស់ចំនួន 27 ប្រកួតឲ្យប្រទេសរបស់គាត់ចាប់តាំងពីលោក Luis De la Fuente ចូលកាន់ដំណែងជាគ្រូបង្វឹករបស់អេស្ប៉ាញ។
ក្នុងការប្រកួតជាមួយហ្សកហ្ស៊ី GAVI ត្រូវបានប្តូរចេញទាំងទឹកភ្នែកនៅនាទីទី 26 ដោយរបួសរបស់គាត់ត្រូវបានគេឲ្យដឹងថា បានដាច់សរសៃ ACL សរសៃចងផ្នែកខាងមុខនិងជារបួសធ្ងន់ធ្ងរធ្វើឲ្យអវត្តមានមួយរដូវកាលពេញ។ ជុំវិញបញ្ហានេះបានធ្វើឲ្យក្លឹប Barcelona មានការខឹងសម្បារជាខ្លាំង ដោយពួកគេបានលើកហេតុផលថាអេស្ប៉ាញបានឡើងទៅលេង EURO 2024 ជាផ្លូវការហើយហេតុអ្វីនៅតែដាក់កីឡាករ GAVI ឲ្យចូលលេងទៀត ? ចាប់តាំងពីពេលនោះមក Barcelona ក៏បានទាមទារសំណងជាច្រើនពី FIFA បើតាមការចុះផ្សាយពីសារព័ត៌មាន Mundo Deportivo ពួកគេអាចនិងទទួលបានលុយសំណងវិញចំនួន 03 លានអឺរ៉ូ។
យោងតាមច្បាប់របស់ FIFA ក្លឹបនិងទទួលបានលុយសំណងជាច្រើនក្នុងករណីដែលកីឡាកររបស់ពួកគេមានរបួសហើយត្រូវអវត្តមានលើសពី 28 ថ្ងៃ ដូច្នេះ Barcelona និងទទួលបានប្រាក់សំណងនៅថ្ងៃទី16 ខែធ្នូ។ ប្រាក់សំណងប្រចាំថ្ងៃចំនួន 20,548 អឺរ៉ូក្នុងមួយថ្ងៃដែលមានរយៈពេលអតិបរមា 365 ថ្ងៃត្រូវបានបញ្ជាក់ មានន័យថា Barcelona នឹងទទួលបានចំនួនប្រហែល 3,082,200 អឺរ៉ូប្រសិនបើ Gavi អវត្តមានរយៈពេលប្រាំមួយខែ ប៉ុន្តែប្រសិនបើគាត់អវត្តមានរយៈពេលប្រាំបីខែ នោះក្លឹបអេស្ប៉ាញមួយនេះនឹងទទួលបានលុយសរុបចំនួន 4,315,080 អឺរ៉ូ ៕