លីគបាល់ទាត់អារ៉ាប៊ីសាអូឌីត Saudi Pro League កំពុងធ្វើព្យុះភ្លៀងយ៉ាងខ្លាំងក្នុងវិស័យបាល់ទាត់នៅឆ្នាំ ២០២៣ នេះ ដោយមានកីឡាករបាល់ទាត់ល្បីៗជាច្រើនបានចូលរួមជាមួយក្លឹបពួកគេ។
ក្លឹបនៅក្របខណ្ឌ Saudi Pro League ពិតជាមានប្រៀបជាងក្រុមនៅក្របខណ្ឌ La Liga ដែលជាលីគកំពូលអេស្ប៉ាញ និងលីគបាល់ទាត់នៅតំបន់អឺរ៉ុបមួយចំនួនក្នុងរដូវក្តៅឆ្នាំ ២០២៣ នេះទៅទៀត ហើយបន្តចំណាយប្រាក់យ៉ាងច្រើន ដើម្បីទាក់ទាញកីឡាករលំដាប់កំពូលៗមកលេងនៅតំបន់អាស៊ីយើង។
ជាមួយគ្នានេះ បើយើងពិនិត្យទៅលើកីឡាករក្នុងជម្រើសលីគអារ៉ាប៊ីសាអូឌីត នាពេលបច្ចុប្បន្ននេះពិតជាមិនធម្មតាឡើយ។ តំបន់ខ្សែប្រយុទ្ធដឹកនាំដោយអតីតតារាឆ្នើមរបស់ Real Madrid គឺកីឡាករ Karim Benzema អមដោយខ្សែប្រយុទ្ធចំណូលថ្មី Allan Saint-Maximin និង Riyad Mahrez ដែលផ្លាស់ពីក្លិបយក្សអង់គ្លេស Manchester City។
ចំណែកឯកីឡាករឆ្នើមផ្សេងៗទៀតដូចជា N’Golo Kante, Sergej Milinkovic-Savic, Kalidou Koulibaly និង Jordan Henderson សុទ្ធតែត្រូវបានរួមបញ្ចូលក្នុងជម្រើស ១១នាក់ដំបូងល្អបំផុតនៅលីគអារ៉ាប៊ីសាអូឌីត។
នេះនៅមានកីឡាករកំពូលៗជាច្រើន ដែលមិនជាប់ក្នុងជម្រើស ១១នាក់ដំបូងល្អបំផុត ក្រោយពីក្លិបអារ៉ាប៊ីសាអូឌីតបាននាំយកល្បីៗនៅតំបន់អឺរ៉ុបជាច្រើន មកលេងនៅលីគរបស់ពួកគេ។
ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺគ្មានវត្តមានកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដែលហាក់មិនទទួលបានការចាប់អារម្មណ៍ចាប់តាំងពីចូលរួមជាមួយ Al Nassr ក្នុងខែមករា ហើយភាគច្រើនស៊ុតបញ្ចូលទីទល់នឹងគូប្រជែងនៅកម្រិតទាបៗប៉ុណ្ណោះ។
បើតាមការវាយតម្លៃ Ronaldo មិនអាចលេងជាកីឡាករលេខ១០ ឬខ្សែប្រយុទ្ធស្លាបបានទៀតទេ ហើយខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំរូបនេះក៏មិនល្អជាង Benzema នោះដែរ។
ហើយនេះជាជម្រើសដំបូងទាំង ១១នាក់ដែលល្អបំផុតនៅលីគកំពូលអារ៉ាប៊ីសាអូឌីត នាពេលបច្ចុប្បន្ន៖
អ្នកចាំទី៖ Edouard Mendy
ខ្សែការពារ៖ Sultan Al-Ghannam, Jordan Henderson, Kalidou Koulbaly និង Alex Telles
ខ្សែបម្រើ៖ N’Golo Kante, Sergej Milinkovic-Savic និង Riyad Mahrez
ខ្សែប្រយុទ្ធ៖ Roberto Firmino, Allan Saint-Maximin និង Karim Benzema
ប្រភព : Tribuna