កីឡាករប្រដាល់ឃីកបុកស៊ីងជម្រើសជាតិកម្ពុជា បឺត សង្ឃឹម ហៅទូច រ៉ាឆាន់ ថាការប្រឹងប្រែងហ្វឹកហាត់ច្រើននឹងធ្វើឱ្យកម្លាំងកើនឡើង មិនមែនធ្វើឱ្យថយកម្លាំងនោះទេ។ ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ ជឿជាក់ថាខ្លួននឹងធ្វើបានល្អសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ ដ្បិតខ្លួនប្រឹងហាត់ថ្វេដង។
«ខ្ញុំបានដាក់ចិត្ត និងមានឆន្ទៈ ខ្ញុំនឹងប្រឹងប្រែងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីជាតិ ដើម្បីខ្លួនឯង និងដើម្បីគ្រួសារ»។ បឺត សង្ឃឹមម្ចាស់មេដាយមាសកីឡាឃីកបុកស៊ីងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅវៀតណាម អះអាងដូច្នេះក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ។
ជាមួយនឹងការត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជានេះដែរ កីឡាករមានរហស្សនាម«អ្នកវាយលេងក្បាច់» ទូច រ៉ាឆាន់ បញ្ជាក់ថាមិនមានការថមថយកម្លាំងអ្វីនោះទេតាមរយៈការបុកហាត់ថ្វេដង។ បឺត សង្ឃឹម បញ្ជាក់ថា ការហ្វឹកហាត់កាន់តែខ្លាំង បានជួយរូបគេកើនសមត្ថភាពទ្វេដងទៅវិញ។
ទូច រ៉ាឆាន់ និយាយថា៖«សម្រាប់ខ្ញុំអត់មានភាពចុះខ្សោយទេ ព្រោះវាជាលក្ខណៈធម្មតាហើយកម្លាំងរបស់យើងល្អ ព្រោះដោយសារការហ្វឹកហាត់របស់យើងមានជាប្រចាំ»។
រ៉ាឆាន់ ប្រាប់អំពីមូលហេតុដែលមិនបណ្តាលឱ្យកម្លាំងរបស់ខ្លួនចុះខ្សោយថា៖«កីឡាករចុះខ្សោយកម្លាំង ដោយសារអត់ហ្វឹកហាត់ តែបើយើងហ្វឹកហាត់ជាប្រចាំវាអត់អាចចុះខ្សោយបានទេ វានឹងនៅដដែលហើយកម្លាំងស៊ូស កាន់តែកើនឡើងទ្វេដង»។
សូមបញ្ជាក់ថា កីឡាករឃីកបុកស៊ីងជម្រើសជាតិកម្ពុជាមានរហស្សនាមថា«អ្នកវាយលេងក្បាច់» បឺត សង្ឃឹម ហៅទូច រ៉ាឆាន់ នឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសាប្រភេទទម្ងន់ ៥៧គីឡូក្រាម៕