ក្រុមកីឡាបាល់ទាត់យុវជនអាយុក្រោម២២ឆ្នាំ ម៉ាឡេស៊ី ក្លាយជាម្ចាស់ជើងឯក Merlion Cup 2023 ក្រោយយកឈ្នះហុងកុងក្នុងលទ្ទផល ២-១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៦ ខែមីនា។ ឈុតស៊ីហ្គេមកម្ពុជា ទទួលបានចំណាត់ថ្នាក់ទី៣ពីព្រឹត្តិការណ៍នេះ តាមរយៈការយកឈ្នះម្ចាស់ផ្ទះសិង្ហបុរី ២-១ ដូចគ្នា។
U-22 ម៉ាឡេស៊ី ទទួលបានជ័យជម្នះទាំងពីរលើក ដោយជំនួបដំបូងឈ្នះកម្ពុជា ៤-២ នៅវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ និងបន្តឈ្នះហុងកុងនៅវគ្គផ្តាច់ព្រ័ត្រ ២-១។ ឈ្នះទាំងពីរប្រកួតបានជួយម៉ាឡេស៊ី គ្រងតំណែងជើងឯក Merlion Cup 2023។ ហុងកុង ទទួលបានចំណាត់ថ្នាក់ទី២ ស្របពេលកម្ពុជាបានលេខ៣ និងម្ចាស់ផ្ទះសិង្ហបុរីបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ ក្នុងចំណោមការប្រកួតដែលមាន៤ក្រុមចូលរួម។
ការប្រកួត Merlion Cup ឆ្នាំ២០២៣ មានតែ៤ក្រុមចូលរួមប្រកួតតែប៉ុណ្ណោះ។ នេះ ជារដូវកាលទី៩ហើយ ដែលពានរង្វាន់ Merlion បានប្រព្រឹត្តទៅ បន្ទាប់ពីការប្រកួតដំបូងនាឆ្នាំ១៩៨២។
ចាប់តាំងពីបង្កើតនាឆ្នាំ១៩៨២ ពានរង្វាន់ Merlion បានធ្វើជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ១៩៨៦ ហើយក៏បានខកខាន។ លុះមកដល់ឆ្នាំ១៩៩២ ព្រឹត្តិការណ៍នេះ ក៏ត្រូវបានចាប់ធ្វើម្ដងទៀត ហើយក៏ខកខានម្ដងទៀត រហូតដល់ឆ្នាំ២០០៩។ បន្ទាប់ពីឆ្នាំនោះមក ពានរង្វាន់ Merlion ត្រូវបានផ្អាក់ការប្រកួតអស់រយៈពេល ១ទសវត្យ ហើយក៏ចាប់បន្ដប្រកួតវិញ នៅឆ្នាំ២០១៩។
នាចុងឆ្នាំ២០១៩ ដោយសារតែបញ្ហាកូវីដ-១៩ ពានរង្វាន់មួយនេះ ត្រូវបានលើកពេល រហូតមកដល់ឆ្នាំ២០២៣ ដែលមានវត្តមានជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ចូលរួមប្រកួត៕