មិន​ដែល​កើត​មាន​ទេ Manchester Derby នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup ចុះ​បើ​ឈ្នះ តើ​កីឡាករ​មា្នក់ៗ​បាន​ប្រាក់​ប៉ុន្មាន?

ខែ​មេសា 24, 2023

បន្ទាប់​ឆ្លង​កាត់​វគ្គ​ជម្រុះ​ចម្រាញ់​អស់​កាល​ជា​ច្រើន​ខែ ទី​បំផុត​យើង​ក៏​សម្រេច​រក​បាន ២ ក្លឹប ឆ្ពោះ​មក​ការ​ប្រកួត​ចុង​ក្រោយ​ ដណ្តើម​ពាន​ FA Cup ហើយ​សារ​នេះ ក៏​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​ពាន​មាន​អាយុ​កាល​ចំណាស់​ជាង​គេ ១៥២ ឆ្នាំ ដែល​ជំនួប Manchester Derby បាន​កើត​ឡើង។

បិសាច​ក្រហម Man Utd បាន​ឆ្លង​ភាព​តានតឹង​ទល់​គូ​ប្រជែង Brighton ដល់​ថែម​ម៉ោង​ស៊ុត​ប៉េណាល់ទី​កាត់​សេចក្តី ទម្រាំ​រក​ឃើញ​អ្នក​ឈ្នះ ជាមួយ​លទ្ធផល ៧-៦។ រី​ឯ​សំពៅ​មាស City ហាក់​ឆ្លង​បាន​ធូរ ទោះ​បន្ធូរ​ដៃ​ឲ្យ​ Sheffield ជាមួយ​ការ​យក​ឈ្នះ ៣-០ កាល​ពី​វគ្គ​មុន។ កាលបរិច្ឆេទ​ជួប​គ្នា​រវាង​ក្លឹប​មក​ពី​ទីក្រុង Manchester ទាំង​ពីរ នឹង​ធ្វើ​ឡើង​នា​វេលា​ម៉ោង ០៩:០០ នាទី​យប់ ​ថ្ងៃ​ទី ០៣ ​មិថុនា ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS Sports ម្ល៉េះ​ក៏​កុំ​ភ្លេច​ចុច Follow ទុក​ស្រែក​ហ៊ោ​ម្នាក់​មួយ​ឲ្យ​ហើយ​ទៅ។

និយាយ​អំពី​ការ​ប៉ះ​គ្នា​នៅ Wembley លើក​ចុង​ក្រោយ​បង្អស់ គឺ​នៅ​ខែ​សីហា ឆ្នាំ ២០១១ សារ​នោះ នា​ពាន​រង្វាន់ Community Shield ដែល United យក​ឈ្នះ City ៣-២ ពោល​តាំង​ជំនាន់ លោក Sir Alex Ferguson នៅ​ដឹកនាំ។ ចុះ​អ្នក​មាន​ឆ្ងល់​ទេ​ថា ហេតុអ្វី FA Cup សារ​នេះ ត្រូវ​អូស​បន្លាយ​ការ​ប្រកួត​មក​ដល់​ខែ​មិថុនា? ដ្បិត​តាម​ប្រវត្តិ​កន្លង​មក​ច្រើន​តែ​រក​ឃើញ​ម្ចាស់​ពាន​នៅ​ខែ​មិនា មេសា ឬ​ឧសភា។

បើ​យើង​រំឭក​ទៅ​មុន​នោះ​កាល​ឆ្នាំ ២០២០ ក៏​ធ្លាប់​លើក​ពេល​យូរ​បង្អស់​ដល់​ខែ​សីហា​ម្តង​ដែរ តែ​ក៏​ជឿ​បងប្អូន​យើង​បាន​ដឹង ព្រោះ​ស្ថិត​ក្នុង​សម័យកាល​ជំងឺ​រាតត្បាត COVID-19 នេះ​មក​ដល់​ឆ្នាំ ២០២៣ ស្ងាត់ស្ងៀម​លែង​បារម្ភ​ដូច​មុន​ទៅ​ហើយ អ៊ីចឹង​មក​ពី​មូលហេតុ​អ្វី​ទៅ? ចម្លើយ​ដោយ​ខ្លី៖ គឺ​ដោយសារ​តែ​ប្រទាក់​ក្រឡា​នឹង​ការ​លើក​ពេល World Cup 2022 នៅ​កាតារ​មក​ចុង​ឆ្នាំ​ ទើប​រុញ​ឲ្យ​កាលបរិច្ឆេទ​ប្រកួត​ពាន​រង្វាន់​នានា ត្រូវ​ឡើង​បន្ត​កន្ទុយ​គ្នា​ទៅ​តាម​នោះ។

ក៏​មាន​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ផ្សេង​ទៀត ជុំវិញ​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ដែល​កីឡាករ​អាច​ទទួល​បាន ដ្បិត​ថា United រដូវ​កាល​នេះ អាច​សល់​ក្តីសង្ឃឹម​ត្រឹម​ ២ ពាន ចំណែក City អាច​ដល់​ ៣ ពាន តែ​មិន​ទាន់​សម្រេច​មួយ​ជា​ផ្លូវការ​នៅ​ឡើយ។

តាម​សារព័ត៌មាន Sportsmail ចុះ​ផ្សាយ​ថា កន្លង​មក​នៅជ័យជម្នះ Carabao Cup ឬ EFL Cup សមាជិក​បិសាច​ក្រហម​ទាំង​អស់ បាន​ទទួល​ប្រាក់​លើក​ទឹកចិត្ត​ម្នាក់ ៦៥ ០០០ ផោន ឬ​ប្រហែល ៨០ ០០០ ដុល្លារ ខណៈ​ការ​ឈ្នះ FA Cup ខាង​មុខ បើ​ក្លឹប​អាច​ក្លាយ​ជា​ម្ចាស់​ពាន នោះ​ក៏​នឹង​ចែក​ប្រាក់​រង្វាន់ ថែម​ម្នាក់ ១០៥ ០០០ ដុល្លារ​ទៀត ជា​ទំហំ​ប្រាក់​លើក​ទឹកចិត្ត​ស្មើ​ការ​ឈ្នះ ពាន Europa League។ ចំណែក​ Premier League បើ​អភិនិហា​រុញ​ឲ្យ United លើក​ពាន នោះ​ក៏​នឹង​ទទួល​បាន​ប្រាក់​បន្ថែម​ដែរ ប្រហែល​ម្នាក់ ៣១០ ០០០ ដុល្លារ​ផ្សេង​ទៀត។

ងាក​ទៅ​សមាជិក​ក្លឹប Manchester City ឯ​ណោះ គឺ​អាច​ទទួល​បាន​ខ្ពស់​ជាង ហើយ​ឱកាស​សេសសល់​ពាន​រង្វាន់ ៣ បើ​សម្រេច​ទាំង​អស់ ក៏​រំពឹង​កើប​ប្រាក់​សរុប​ចូល​ជាង ២ លាន​ផោន។ ប្រាក់​រង្វាន់​ខ្ពស់​បង្អស់​គឺ​ UEFA Champions League ជា​ពាន​ក្លឹប​មិន​ធ្លាប់​ស្គាល់​ជាតិ​ទាល់​តែ​សោះ ធានា​ផ្តល់​ជូន ១ លាន​ផោន​ដល់​កីឡាករ​មាន​ឈ្មោះ​ចូលរួម ហើយ​ពាន Premier League អាច​បាន​ដល់ ៩០០ ០០០ ផោន និង​ចុង​ក្រោយ FA Cup អាច​បាន​ចន្លោះ​ពី ១០០ ០០០ ទៅ ១៥០ ០០០ ផោន ឬ​ប្រហែល ១២ ទៅ ១៨ មុឺន​ដុល្លារ ពោល​ជា​ទំហំ​ប្រាក់​ឧបត្ថម្ភ​ខ្ពស់​ជាង​ក្លឹប​គូ​ប្រជែង Man Utd៕

ប្រភព៖ បរទេស