គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម (VOC) អះអាងថា រដ្ឋធូរការចំណាយរហូតដល់ ៥ម៉ឺនដុល្លារក្នុងមួយថ្ងៃ នៅក្នុងព្រឹត្តិាការណ៍ស៊ីហ្គេមលើកទី៣២
ដោយសារតែម្ចាស់ផ្ទះកម្ពុជាមិនយកប្រាក់លើថ្លៃស្នាក់នៅ ហូបចុក ទៅលើប្រតិភូកីឡាទាំងអស់ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VN Express នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះ។
យោងតាមការផ្សាយរបស់ VN Express តាមការគណនាមុនការប្រកួត គណៈប្រតិភូកីឡាវៀតណាមដែលមានចំនួនសរុប ១,០០៣នាក់នឹងសន្សំបានជាង «៥ម៉ឺនល្លារក្នុងមួយថ្ងៃៗ»។
ចំណែកសារព័ត៌មានរបស់វៀតណាម Zing.VN បានចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា នេះថា ការមិនយកប្រាក់របស់កម្ពុជា នាំឲ្យវៀតណាមចំណេញលើការចំណាយពេញមួយព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ ប្រមាណកន្លះលានដុល្លារឯណោះ។
តាមការបញ្ជាក់ពីគណៈកម្មាធិកជាតិ CAMSOC បានឲ្យដឹងថា ម្ចាស់ផ្ទះកម្ពុជានឹងផ្តល់អាហារ កន្លែងស្នាក់នៅ និងដឹកជញ្ជូនដល់គណៈប្រតិភូកីឡាស៊ីហ្គេមមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានចុះឈ្មោះមកចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣
ដែលនេះជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ក្រោយម្ចាស់ផ្ទះកម្ពុជា មិនតម្រូវឱ្យប្រតិភូពីបណ្តាប្រទេសចូលរួមទាំងអស់បង់ថ្លៃ ៥០ដុល្លារម្នាក់ក្នុងមួយថ្ងៃ ដូចប្រទេសអាស៊ីអាគ្នេយ៍មុនៗរៀបចំឡើយ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងចូលមកដល់ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ
ចាប់ពីថ្ងៃទី ៣-៩ ខែមិថុនា ខណៈដែលម្ចាស់ផ្ទះកម្ពុជានឹងរ៉ាប់រងរាល់ការចំណាយទាំងអស់ម្តងទៀតសម្រាប់គណៈប្រតិភូកីឡាដែលមកចូលរួមនៅប្រទេសកម្ពុជា៕