នៅក្នុងក្របខ័ណ្ឌ UEFA គេកម្រឃើញកីឡាករមកពីប្រទេសអាស៊ីអាគ្នេយ៍មានឱកាសទៅលេងណាស់។ យ៉ាងណាមិញ បើតាមការចងក្រងរបស់ UEFA គេអាចស្គាល់បានយ៉ាងតិច កីឡាករអាស៊ាន ២រូប ដែលមានឱកាសបានទៅលេងនៅការប្រកួតនៅក្នុងក្របខ័ណ្ឌ UEFA។
កីឡាករទាំងពីរនោះមាន មួយមកពីឥណ្ឌូណេស៊ី និងមួយទៀតមកពីប្រទេសសិង្ហបុរី។
កីឡាករមកពីឥណ្ឌូណេស៊ីគឺ លោក Kurniawan Dwi Yulianto។ លោកមានឱកាសទៅលេងនៅក្លឹបស្វីស FC Luzern ក្នុងលក្ខខណ្ឌខ្ចីជើង កាលពីឆ្នាំ១៩៩៤ និងឆ្នាំ១៩៩៥។ អំឡុងពេលនោះដែរ លោកបានបង្ហាញខ្លួនបានម្ដងនៅក្នុងព្រឹត្តិការណ៍ UEFA Intertoto Cup ដែលជាក្របខ័ណ្ឌកម្រិតទី៣ របស់ UEFA កាលពីសម័យនោះ (ក្រោយមករំសាយចោលនៅឆ្នាំ២០០៨)។
ចំណែកឯកីឡាករមកពី សិង្ហបុរីវិញគឺ លោក Fandi Ahmad។ លោកមានឱកាសទៅលេងនៅក្លឹបហុល្លង់ Groningen កាលពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៥។ លោកបង្ហាញខ្លួន ២ដងនៅព្រឹត្តិការណ៍ UEFA Cup ដែលជាព្រឹត្តិការណ៍ UEFA Europa League បច្ចុប្បន្ននេះ៕