ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ីហើយ នៅព្រឹកថ្ងៃទី៦ ខែមេសា ក្រោយចាកចេញពីទីម័រខាងកើតនៅព្រឹកថ្ងៃដដែលនោះ។ តាមការគ្រោងទុក ភ្លើងគប់ត្រូវរក្សាទុកនៅស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីរយៈពេល៥យប់ មុនធ្វើពិធីដង្ហែក្នុងទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី១១ ខែមេសា។
ពិធីដង្ហែអគ្គិជ័យកីឡា និងភ្លើងគប់ជុំវិញប្រទេសអាស៊ីអាគ្នេយ៍ ដែលដឹកនាំដោយលោក ហោ សារុន អនុប្រធានគណៈកម្មការពិធីបើក-បិទ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងជាបេសកជនពិសេស CAMSOC បានទៅដល់ទីក្រុងគូឡាឡាំពូរដោយសុវត្ថិភាព ដោយមានការទទួលស្វាគមន៍ពីលោក អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី រួមជាមួយ លោក Datuk Mohd Nasir ប្រធានបេសកជន និងជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណៈកម្មាធិការជាតិ អូឡាំពិកម៉ាឡេស៊ីផង។
ម៉ាឡេស៊ី ជាប្រទេសទី៥ បន្ទាប់ពីវៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និងទីម័រខាងកើត ដែលទទួលពិធីហែភ្លើងគប់ស៊ីហ្គេម ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង១១។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AKP ព្រះអគ្គិជ័យកីឡា និងភ្លើងគប់ ត្រូវយកទៅតម្កល់ទុកនៅស្ថានទូតកម្ពុជា នាទីក្រុងគូឡាឡាំពួរ រយៈពេល៥យប់ មុនរៀបចំពិធីដង្ហែផ្លូវការដែលគ្រោងធ្វើនៅថ្ងៃទី១១ ខែមេសា។
ប្រទេសបន្តបន្ទាប់ ដែលនឹងទទួលហែភ្លើងគប់ រួមមាន សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងចុងក្រោយទៅកាន់ប្រទេសឡាវ មុនធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនខេត្តស្ទឹងត្រែង ដោយឆ្លងកាត់ខេត្តជាប់បឹងទន្លេសាប មុនមកដល់ភ្នំពេញ ដើម្បីហែចូលចូលទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២៨ ខែមេសា៕