ហ្វីលីពីន ៖ កីឡាករ Efren Reyes ស្តេចកីឡាប៊ីយ៉ា (Pool) របស់ប្រទេសហ្វីលីពីន ដែលត្រូវបានពិភពលោកចាត់ទុកជាកីឡាករប៊ីយ៉ាដ៏អស្ចារ្យបំផុតគ្រប់ពេលនោះ នឹងចូលរួមការប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (32nd SEA Games) នៅប្រទេសកម្ពុជានាខែក្រោយ។
លោក Robert Mananquil ប្រធានសហព័ន្ធកីឡា Billiards នៃប្រទេសហ្វីលីពីន បានបញ្ជាក់ថា លោក Efren Reyes ដែលមានឈ្មោះក្រៅថា «Bata» ដែលបច្ចុប្បន្នមានអាយុ៦៩ឆ្នាំនឹងចាប់ដៃគូជាមួយមិត្តរួមសញ្ជាតិគឺលោក Francisco Dela Cruz នៅក្នុងការប្រកួតវិញ្ញាសាប៊ីយ៉ាការ៉ុមដៃគូ (Two Men’s Carom) ។
លោក Reyes និងលោក Dela Cruz ធ្លាប់បានឈ្នះមេដាយសំរឹទ្ធចំនួន២ នៅលើវិញ្ញាសា One-Cushion Carom នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាមកាលពីឆ្នាំមុន ដោយបានទាក់ទាញអ្នកទស្សនាវៀតណាមជាច្រើន ដើម្បីចូលទស្សនាការលេងរបស់កំពូលកីឡាករប៊ីយ៉ាទាំងពីររូបនេះ។
លោក Efren Reyes ត្រូវបានគេដាក់រហស្សនាមថា «The Magician« ដោយសារតែស្ទីលលេងដ៏ពិសេស និងមានទំនុកចិត្តខ្ពស់បំផុតរបស់គាត់។ នៅក្នុងអាជីពរយៈពេល៤០ឆ្នាំរបស់គាត់ លោក Reyes បានឈ្នះស្ទើរតែគ្រប់អ្វីៗទាំងអស់ដែលមាននៅក្នុងវិស័យកីឡាប៊ីយ៉ាក្នុងនោះរួមទាំង US Open, Challenge of Champions និង World Pool League Championship ហើយជាមួយនឹងកិត្តិនាមដ៏អស្ចារ្យនេះ ទើបគាត់ត្រូវបានដាក់បញ្ចូលក្នុង Billiards Hall of Fame ដែលជាពានកិត្តិយសសម្រាប់ផ្តល់ជូនបុគ្គលខ្ពង់ខ្ពស់បំផុតនៃវិស័យកីឡាប៊ីយ៉ា។
នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លោក Reyes ឈ្នះបានមេដាយគ្រប់វិញ្ញាសាដូចជា ប៊ីយ៉ាការ៉ុម (Carom), ប៊ីយ៉ា (Pool) និងស្នុកឃ័រ (Snooker)។ ទោះយ៉ាងណាណា លោកមិនទាន់ឈ្នះមេដាយមាសវិញ្ញាសា Carom នៅឡើយទេ។
កីឡាប៊ីយ៉ា (Pool) គឺជាកម្លាំងចលករយ៉ាងសំខាន់របស់ក្រុមហ្វីលីពីន ដែលបានឈ្នះមេដាយមាសចំនួន៤ នៅលើវិញ្ញាសាក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ដោយកីឡាករ Carlo Biado និង Johann Chua គឺជាអ្នកត្រូវការពារតំណែងមេដាយមាសក្នុងវិញ្ញាសា 10-ball និង 9-ball៕ (ដកស្រង់ចេញពី VnExpress)