ផ្លូវការហើយ៖ Neymar បានបញ្ចប់ការផ្ទេរទៅ Al Hilal ខណៈប្រាក់ឈ្នួលអាចកើនដល់ ៤០០លានដុលា្លរ ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំ….

ខែ​សីហា 16, 2023

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបយក្សបារាំង Paris Saint-Germain កីឡាករ Neymar Jr បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត Al Hilal លើតម្លៃខ្លួនជិត ១០០លានអឺរ៉ូ ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំ ខណៈប្រាក់ឈ្នួល ១៥០លានអឺរ៉ូ ក្នុង១រដូវកាល ដែលប្រាក់ខែច្រើនជាង ៥ដង នៃការលេងនៅលីគបារាំង។

គួរបញ្ជាក់ផងដែរថា ប្រាក់ពលកម្ម Neymar អាចកើនឡើងដល់ ៤០០លានដុល្លារ ដោយផ្អែកលើរង្វាន់បន្ថែមផ្សេងៗ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដទៃទៀត ដែលកិច្ចព្រមព្រៀងមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។

Neymar បាននិយាយបន្ថែមថា «ខ្ញុំចង់សរសេរប្រវត្តិសាស្រ្តកីឡាថ្មី។ លីគ Saudi Pro League មានកីឡាករគុណភាពដ៏អស្ចារ្យជាច្រើនក្នុងពេលឥឡូវនេះ» ។ «ខ្ញុំបានដឹងឮ និងតាមដានរឿងកីឡាករប្រេស៊ីលជាច្រើនរូប ដែលបានផ្ទេរទៅលេងនៅអារ៉ាប៊ីសាអូឌីតជាច្រើនឆ្នាំកន្លងមកនេះ ដូច្នេះខ្ញុំជឿថាវាជាកន្លែងដែលខ្ញុំចង់បាន» ។

«ខ្ញុំបានសម្រេចលទ្ធផលច្រើននៅតំបន់អឺរ៉ុប នឹងជាមួយការរីករាយនៅពេលវេលាដ៏ពិសេសៗ ប៉ុន្តែខ្ញុំតែងតែចង់ក្លាយជាអ្នកលេងកម្រិតសកល ហើយនេះជាការសាកល្បងខ្លួនឯងមួយ ទៅនឹងបញ្ហាប្រឈមជាមួយឱកាសថ្មីៗ នឹងនៅទីកន្លែងថ្មីៗ»៕

សូមទស្សនាវីដេអូខាងក្រោមនេះ