ប្រាក់​ខែ​របស់ Messi​ នៅក្លឹប Inter Miami ត្រូវបាន​បង្ហាញ​

ខែ​កក្កដា 4, 2023

ប្រាក់ខែរបស់ Lionel Messi នៅក្លឹប Inter Miami ត្រូវបានបង្ហាញដោយសហប្រធានក្លឹបលោក Jorge Mas ហើយវាពិតជាអស្ចារ្យដូចដែលអ្នកគិត។

Messi បានជ្រើសរើសការផ្លាស់ប្តូរទៅកាន់សហរដ្ឋអាមេរិកកាលពីខែមុន នៅពេលដែលកិច្ចសន្យារបស់គាត់នៅ Paris Saint-Germain បានផុតកំណត់ ហើយការប៉ុនប៉ងចុះហត្ថលេខារបស់ក្រុមអារ៉ាប៊ីសាអូឌីត Al-Hilal មិនបានសំរេច។

ទោះបីជាយ៉ាងណាក៏ដោយ មហាសេដ្ឋី Mas ដែលជាសហម្ចាស់ Inter Miami ជាមួយ David Beckham និងជាម្ចាស់ភាគហ៊ុនធំជាងគេនៃក្រុមហ៊ុន សំណង់ និងវិស្វកម្ម MasTec ដែលមានមូលដ្ឋាននៅទីក្រុង Miami បានបើកចំហរថាតើក្លឹបរដ្ឋផ្លរីដានឹងចំណាយប្រាក់ប៉ុន្មានដល់តារាបាល់ទាត់។

វាត្រូវបានគេយល់ថា កីឡាករវ័យ ៣៦ឆ្នាំរូបនេះនឹងរកប្រាក់ចំណូលបានចន្លោះពី ៥០លានដុល្លារទៅ ៦០លានដុល្លារក្នុងមួយឆ្នាំ។

Mas បានពន្យល់ទាក់ទងនឹងការដេញតាមចរចារ Messi ថា៖

“ខ្ញុំបានចំណាយពេល ៣ឆ្នាំលើការតាមចរចារ មួយឆ្នាំកន្លះចុងក្រោយមានភាពស្វិតស្វាញណាស់។ មានការសន្ទនាជាច្រើនជាមួយឪពុក និងភ្នាក់ងាររបស់ Messi លោក Jorge។ David Beckham បានពិភាក្សាជាមួយ Leo តែអំពីបញ្ហាបាល់ទាត់ ព្រោះគាត់ជាកីឡាករ។

ខ្ញុំបានឃើញវារួចរាល់នៅចុងខែឧសភា។ ខ្ញុំមិនចង់ឱ្យគាត់មានសម្ពាធទេ។ យើងបាននិយាយនៅ Barcelona, ​​Miami, Rosario, Doha… ខ្ញុំបានចំណាយពេល World Cup ទាំងមូលនៅកាតា មើលអាហ្សង់ទីនលេង។”

លោក Mas បាននិយាយដោយសំដៅលើកិច្ចព្រមព្រៀងរយៈពេល ១០ឆ្នាំ ចំនួន ២,៥ពាន់លានដុល្លារដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សបានចុះ ហត្ថលេខាជាមួយ MLS កាលពីខែកុម្ភៈថា៖

“កិច្ចសន្យារបស់ក្រុមហ៊ុន Apple គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបិទបញ្ចប់កិច្ចព្រមព្រៀង”។

ទោះបីជាកញ្ចប់ប្រាក់ឈ្នួលរបស់ Inter Miami គឺទាបជាងយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងការផ្តល់ជូនចំនួន ៥០០លានអឺរ៉ូក្នុងមួយឆ្នាំដែល Al-Hilal ផ្តល់ជូន តែ Messi នៅតែអាចត្រលប់ទៅកំពូលតារាង Forbes នៃអត្តពលិកដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៤ ដោយមាន ជំនួយពីការយល់ព្រមផ្សេងទៀតរបស់គាត់។ និងកិច្ចព្រមព្រៀងភាពជាដៃគូថ្មីៗដែលទទួលបាននៅសហរដ្ឋអាមេរិក៕