អ្នករៀបចំកម្មវិធី«ប្រដាល់គ្រុឌគុនខ្មែរ» នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា កំពុងពិនិត្យមើលលើករណីកីឡាករ ពេជ្រ សម្បត្តិ ដែលសម្រាកព្យាបាលរបួស ក្រោយកីឡាករ Khamphu BS របស់ឡាវ កាលពីសប្ដាហ៍មុន។ ពេជ្រ សម្បត្តិ ត្រូវប្រកួតការពារខ្សែក្រវាត់ជាមួយកីឡាករ ឃុន បូរ៉ា នៅក្នុងសប្ដាហ៍នេះ។
ថ្លែងតាមខ្សែទូរសព្ទជាង៣នាទី លោក នៅ លីដា ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២១ ខែមីនាថា កម្មវិធីនឹងមិនដកខ្សែក្រវាត់ពី ពេជ្រ សម្បត្តិ វិញទេ ប្រសិនបើពិនិត្យឃើញថា សម្បត្តិ ពិតជារងរបួសធ្ងន់ធ្ងរពិតមែន។
អ្នករៀបចំកម្មវិធី«ប្រដាល់គ្រុឌគុនខ្មែរ» ប្រចាំស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា បាននិយាយថា៖«ទាក់ទងនឹងខ្សែក្រវាត់របស់ ពេជ្រ សម្បត្តិ បើសិនយើងពិនិត្យឃើញគាត់ឈឺមួយរយភាគរយមែន យើងនឹងពិចារណាឡើងវិញ ហើយយើងនឹងបង្កើតខ្សែក្រវាត់ថ្មីមួយទៀតក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាមដដែល»។
បើតាមលោក លីដា ក្រុមការងារនឹងពិនិត្យលើករណី ពេជ្រ សម្បត្តិ ឱ្យបានដិតដល់ ក្រោយបញ្ចប់ភារកិច្ចនៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
ចំណែកបេក្ខភាពដែលត្រូវចូលជំនួសកីឡាករ ពេជ្រ សម្បត្តិ គឺខាងស្ថានីយ៍នឹងនាំយកកីឡាករថៃ ផេត មង្ឃុន ដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាករកម្ពុជា ឃុន បូរ៉ា វិញ។ នេះបើតាមអ្នករៀបចំកម្មវិធីដដែល។
កាលពីថ្ងៃទី១២ មីនា កីឡាកររហស្សនាមក្របីព្រៃកម្ពុជា ពេជ្រ សម្បត្តិ បានប្រកួតចាញ់កីឡាករ Khamphu BS របស់ឡាវ នៅត្រឹមទឹកទី៣ ដោយសារភ្នាត់ស្នៀត ក្រោមការទាត់ពីគូប្រកួតចូលចំថ្គាម ដែលបណ្ដាលឱ្យសន្លប់ មិនអាចបន្តការប្រកួតបាន។
គួរបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់ដណ្តើមខ្សែក្រវាត់«គ្រុឌគុនខ្មែរ» លើប្រភេទទម្ងន់ ៦០គីឡូក្រាម រវាងកីឡាករគុនខ្មែរ ឃុន បូរ៉ា និង ផេត មង្ឃុន មកពីប្រទេសថៃ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នាសង្វៀន TVK នៅខេត្តស្វាយរៀង៕