ប្រធានសហភាពសហព័ន្ធបាល់ទាត់អឺរ៉ុបលោក Aleksander Ceferin បានច្រានចោលរបាយការណ៍ដែលថា ក្លឹបមកពីប្រទេសអារ៉ាប៊ីសាអូឌីតអាចនឹងត្រូវបានអនុញ្ញាតឲ្យលេងក្នុងក្របខ័ណ្ឌ UEFA Champions League នាពេលអនាគត។
លោកបានបញ្ជាក់បែបនេះ នៅក្នុងអំឡុងពេល មុនការចាប់ឆ្នោតវគ្គចែកពូល UEFA Champions League នៅថ្ងៃព្រហស្បតិ៍ ទី 31 ខែសីហា។
យ៉ាងណាមិញ Aleksander Ceferin បាននិយាយកាលពីម្សិលមិញនេះថា៖ “មានតែក្លឹបនៅអឺរ៉ុបប៉ុណ្ណោះដែលអាចចូលរួមក្នុង UEFA Champions League, Europa League រឺ Conference League បាន”។
គាត់បានបន្តទៀតថា៖ “យើងមើលឃើញស្ថានភាពស្រដៀងគ្នាជាមួយប្រទេសចិន ដែលបានទិញកីឡាករនៅពេលវេលាចុងក្រោយនៃអាជីពរបស់ពួកគេ ហើយផ្តល់នូវប្រាក់យ៉ាងច្រើន។
លទ្ធផល គឺបាល់ទាត់ចិនមិនបានអភិវឌ្ឍន៍អ្វីនោះទេ។ តាមដែលខ្ញុំដឹង Mbappe និង Erling Haaland ក៏មិនមានក្ដីស្រមៃចង់ទៅលេងអារ៉ាប៊ីសាអូឌីតដែរ”។