ប្រធានក្លិបបឹងកេត៖ អ្នកវិនិយោគវិស័យបាល់ទាត់នៅកម្ពុជា សុទ្ធតែប្រើបេះដូង

ខែ​មីនា 11, 2023

លោកស្រី ពុធ ធីតា ប្រធានក្លិបកីឡាបាល់ទាត់បឹងកេត ហ៊ានអះអាងថា ប្រធានក្លិបបាល់ទាត់ និងអ្នកវិនិយោគក្នុងវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជាទាំងអស់ មិនរំពឹងប្រាក់ចំណេញនោះទេ ប៉ុន្ដែដោយសារទឹកចិត្តស្រឡាញ់ និងចង់ឲ្យវិស័យបាល់ទាត់កម្ពុជា វិវឌ្ឍទៅមុខ ដូចប្រទេសជិតខាង និងប្រទេសរីកចម្រើនលើវិស័យមួយនេះ។ ប្រធានក្លិបបឹងកេតរូបនេះ បន្ថែមថា បើចង់ឲ្យជម្រើសជាតិខ្លាំង ត្រូវរួមគ្នាគាំទ្រការប្រកួតរបស់ក្លិប ព្រោះសមាសភាពកីឡាករជម្រើសជាតិ ត្រូវជ្រើសចេញពីក្លិប។

លោកស្រី ពុធ ធីតា បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ការបង្កើតក្លិប និងឧបត្ថម្ភក្នុងវិស័យបាល់ទាត់កម្ពុជា រាល់ប្រធានក្លិបនីមួយៗ មិនបានសម្លឹងឃើញផលចំណេញអ្វីទេ។ ក្នុងការប្រកួតលីគមួយរដូវកាលៗ ក្លិបត្រូវការចំណាយច្រើន អាចចន្លោះពី ៩០ម៉ឺនដុល្លារ ទៅ ១,២ លានដុល្លារក្នុងមួយឆ្នាំ។ ដូច្នេះ ក្លិបណា មិនមានអ្នកឧបត្ថម្ភច្រើន នឹងត្រូវចំណាយធនធានផ្ទាល់ខ្លួនច្រើន។ ក្លិប ត្រូវចំណាយធនធានច្រើនទៅលើប្រាក់បៀវត្យ៍កីឡាករ, គ្រូបង្វឹក, ការហ្វឹកហាត់ និងការចេញទៅប្រកួតនៅក្រៅដី។

«បញ្ហាពិបាកជាងគេ គឺអ្នកឧបត្ថម្ភតែម្ដង។ មិនមែនតែក្លិបបឹងកេតទេ គ្រប់ក្រុមទាំងអស់។ អ្នកឧបត្ថម្ភ តម្រូវឱ្យក្លិបរកខ្លួនឯង និងពឹងលើធនធានផ្ទាល់ខ្លួន។ និយាយទៅ នៅក្នុងលីគនីមួយៗ គឺចំណាយច្រើន ដោយក្នុងមួយខែៗ ត្រូវចំណាយចន្លោះ ពី៨-៩ម៉ឺនដុល្លារ។ ប្រសិនជាក្លិបផ្សេង ដែលមិនមានអ្នកឧបត្ថម្ភច្រើន និងអ្នកគាំទ្រច្រើន ក្លិបទាំងនោះ នឹងត្រូវចំណាយច្រើន ដោយប្រើធនធានខ្លួនឯង។»។ លោកស្រី ពុធ ធីតា បានប្រាប់ដូច្នេះ។

ប្រធានក្លិបរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា អ្នកគាំទ្រ គឺជាស្មារតី និងជាផ្នែកមួយដ៏សំខាន់សម្រាប់អភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា។ អ្នកគាំទ្រភាគច្រើន គាំទ្រតែក្រុមជម្រើសជាតិខ្លាំង ប៉ុន្ដែមិនសូវគាំទ្រការប្រកួតរបស់ក្លិបប៉ុន្មានទេ។ នេះ មានន័យថាប្រសិនជាចង់ឲ្យក្រុមជម្រើសជាតិខ្លាំង ត្រូវចាប់ផ្ដើមពីការគាំទ្រការប្រកួតរបស់ក្លិបនីមួយៗ ព្រោះថាធនធានជម្រើសជាតិ ភាគច្រើនបំផុតចេញពីការបណ្ដុះបណ្ដាលរបស់ក្លិប។ លោកស្រី ពុធ ធីតា បាននិយាយដូច្នេះថា៖«ជម្រើសជាតិយើងចាញ់តែរហូត មានអ្នកណាចង់មើលបាល់។ ប្រសិនជាគ្មានអ្នកគាំទ្រ តើមានអ្នកឧបត្ថម្ភ ចាប់អារម្មណ៍ទេ? ចូលរួមទាំងអស់គ្នា ទើបវិស័យបាល់ទាត់យើងរីកចម្រើន។»។

ការចូលរួមចំណែកក្នុងវិស័យបាល់ទាត់នេះ មិនមានផលចំណេញអ្វីទេ ប៉ុន្ដែអ្វី ដែលជំរុញឲ្យអ្នកវិនិយោគទាំងនោះ នៅបន្ដជួយវិស័យមួយនេះ គឺការស្រឡាញ់ចេញពីបេះដូង។ «បើយើង មិនធ្វើតើមានអ្នកណាធ្វើ? យើងត្រូវចូលរួមចាប់ផ្ដើមទាំងអស់គ្នា។ អ្នកចូលរួមក្នុងវិស័យបាល់ទាត់កម្ពុជា គ្រប់ក្លិបទាំងអស់ ពួកគាត់ប្រើបេះដូងធ្វើ។ តែបើថាធ្វើព្រោះចំណេញនេះ ចំណេញនោះ ទៅមិនរួចទេ។»។ នេះ ជាអ្វី ដែលលោកស្រីប្រធានក្លិបបឹងកេតអះអាង និង បង្ហាញពីឆន្ទៈក្នុងការចូលរួមចំណែកក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា៕