នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ បានប្រព្រឹត្តិទៅយ៉ាងរលូន និង កក្រើកអស្ចារ្យក្នុងទឹកដីប្រទេសកម្ពុជា។
ក្នុងនោះ គេឃើញមានវត្តមានថ្នាក់ដឹងនាំ មន្ត្រីរាជការ សិល្បករ សិល្បការិនី យុវជន និង មហាជនខ្មែរ រួមនឹងគណៈប្រតិភូអន្តរជាតិជាច្រើនអញ្ជើញចូលរួមដើម្បីអបអរសាទរដែលកម្ពុជាបានក្លាយជាម្ចាស់ផ្ទះជាលើកដំបូងក្នុងរយៈពេល ៦៤ ឆ្នាំ។
នៅក្នុងកម្មវិធីនោះ គេឃើញមាននូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនទម្រង់ ដែលបានបង្ហាញពីភាពអស្ចារ្យរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ដោយទទួលស្វាគមន៍ភ្ញៀវយ៉ាងកក់ក្តៅ។
រាល់ផែនសិល្បៈនីមួយៗសុទ្ធសឹងតែបានបង្ហាញពីវប្បធម៌ អរិយធម៌ និង ភាពរីកចម្រើនរបស់កម្ពុជាដែលកំពុងតែអភិវឌ្ឍន៍ទៅមុខដោយឥតឈប់ឈរ។
សម្រាប់មហាជន ក្រោយឃើញកម្ពុជាជាម្ចាស់ផ្ទះជាលើកដំបូង ហើយមានការរៀបចំបានយ៉ាងល្អឥតខ្ចោះបែបនេះម្នាក់ៗពិតជានសេចក្តីរំភើបចិត្តខ្លាំងដោយមិននឹកស្មានដល់ថាកម្ពុជាប្រទេសតូចតែអាចធ្វើបានគ្រប់យ៉ាង។
មិនតែមានមហាជនក្នុងប្រទេសប៉ុណ្ណោះទេ ងាកទៅមើលប្រទេសថៃឯណោះវិញ គេឃើញម្នាក់ៗបើកភ្នែកធំៗ លាន់មាត់សរសើរខ្មែរថារៀបចំបានល្អ និង ធំអស្ចារ្យមិននឹកស្មានដល់។
សារព័ត៌មានថៃជាច្រើនបានផ្តិតយករូបភាព វីដេអូក្នុងថ្ងៃបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ទៅផ្សព្វផ្សាយដែលនាំឱ្យប្រជាជនថៃជាច្រើនសរសើរខ្មែរមិនដាច់ពីមាត់ឡើយ ជាពិសេសផ្ទាំងទស្សនីយភាពសិល្បៈ ការរចនាភ្លើងដែលមើលហើយត្រជាក់ភ្នែក ដក់ជាប់ក្នុងក្រអៅបេះដូងទស្សនិកជនគ្រប់រូប៕