លើសតែពីគុណភាព ភាពឧស្សាហ៍ព្យាយាម ក៏ដូចជាទេពកោសល្យដែលធម្មជាតិផ្តល់ឲ្យ ទៀតសោតសម្រាប់តារាឆ្នើមលំដាប់ពិភពលោកដូចជា Cristiano Ronaldo ក៏ទម្លាប់ជឿលើអប្បិយជំនឿ ឬប្រផ្នូលមុនការធ្វើអ្វីមួយផងដែរ។ ជាក់ស្តែងដូចសមិទ្ធផលសម្រេច មិនថាជាមួយបណ្តាក្លឹបចាស់ថ្មី និងជម្រើសជាតិព័រទុយហ្គាល់ សរុបពានរង្វាន់ CR7 ធ្លាប់បានឈ្នះ គឺ ៣២ លើក រួមបញ្ចូលទាំង UEFA Champions League ៥ លើក, UEFA European Championship និង Nations League។ យ៉ាងណាហេតុផលនៅពីក្រោយការឈោងដល់ចំណុចអស់នោះ បុរសសញ្ជាតិព័រទុយហ្គាល់ ពុំបានជឿជាក់ថាមកពីកត្តានៃការខិតខំប្រឹងប្រែង ឬឆន្ទៈនៃក្រុមទាំងអស់ឡើយ ផ្ទុយទៅវិញ ក៏ជឿថាមួយផ្នែក វាបានកើតចេញពីសំណាង ដែលមនុស្សម្នាក់ៗឥតអាចខ្វះបាន។
Ronaldo ប្រកាន់ខ្ជាប់ទម្លាប់មួយ មុនចូលទីលានប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ គឺហាមផ្តាច់ខ្លួនឯង មិនឲ្យយកដៃទៅប៉ះ ទៅស្ទាបអង្អែល ឬសូម្បីតែថើបពាននោះជាមុនដាច់ខាត ដរាបណាមិនទាន់បានឈ្នះ គឺមិនទម្លាប់ឲ្យខ្លួនឯងបានប៉ះវាឡើយ។ខ្សែប្រយុទ្ធជំនាញជើងស្តាំ ធ្លាប់បានលើកឡើង ប្រាប់គេហទំព័រផ្លូវការ FIFA៖ “ខ្ញុំអត់ដែលប៉ះពានជាមុននោះទេ គឺអត់ដែលសោះឡើយ ដោយជឿថា របៀបហ្នឹងវានាំសំណាងអាក្រក់ដល់យើង ជាការពិតខ្ញុំចង់ឈ្នះ ហើយវាគឺជាក្តីស្រមៃ តែក៏ទាមទារការខិតខំខ្លាំង ដើម្បីសម្រេច រួមទាំងកត្តានៃក្រុម ក៏ដូចជាសំណាងដែលយើងមាន ពោលវាពឹងផ្អែកលើកត្តាផ្សេងៗច្រើនណាស់”។
ជុំវិញរឿងរ៉ាវនៃជំនឿនេះ បើមិនជឿ ក៏មិនអាចប្រមាថបានដែរ ដ្បិតអីកន្លងមក វាប្រៀបដូចជាបណ្តាសារ ហើយលទ្ធផលក៏ធ្លាប់បង្ហាញច្បាស់ ដូចគ្រាកីឡាករ Dimitri Payet បានយកដៃប៉ះពាន មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ឆ្នាំ ២០១៨ ហើយចប់ការប្រកួតក្លឹបរបស់គេ គឺ Marseille ពិតជាបានចាញ់ ៣-០ ទល់ក្លឹបឈ្នះជើងឯក Atletico Madrid។
ដូចគ្នានឹងករណីរបស់ Kaka និង Gennaro Gattuso ក៏បានមើលរំលងច្បាប់នៃជំនឿមួយនេះ ហើយសុទ្ធសឹងបានយកដៃទៅប៉ះអង្អែលពានរង្វាន់ Champions League មុនការផ្លុំកញ្ចែផ្តើមការតតាំងរវាង AC Milan ទល់ Liverpool ហើយជាលទ្ធផលបញ្ចប់ ១២០ នាទី ដល់ថែមម៉ោងស៊ុតបាល់ ១១ ម៉ែត្រ ខាងក្លឹបអង់គ្លេស ពិតជាបានយកឈ្នះទៅលើក្លឹបអ៊ីតាលី ៣-២ រួចដូចគ្នា យើងបានដឹងស្រាប់ បាល់កាត់សេចក្តីប៉េណាល់ទី ច្រើនតែពឹងលើសំណាង មិនបានពឹងលើបច្ចេកទេសសុទ្ធសាធឡើយ។
ដោយឡែកក្រៅតែពីជំនឿខាងលើ ទៀតសោតងាកទៅ Ronaldo ក៏ប្រទះឃើញមានទម្លាប់គួរឲ្យចាប់អារម្មណ៍ ២ ផ្សេងទៀតដែរ ដោយ៖