ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅច្បាស់លាស់មួយលើកីឡាកររបស់ក្លឹប Wolverhampton Wanderers គឺខ្សែការពារ Nelson Semedo។
ទម្រង់លេងរបស់បិសាចក្រហម នៅតែមានភាពយ៉ាប់យ៉ឺន បើទោះបីជានៅរដូវក្តៅនេះពួកគេបានចុះហត្ថលេខាលើកីឡាករចំណូលថ្មីដូចជា Andre Onana, Mason Mount និង Rasmus Hojlund ក៏ដោយ។
ភាពខ្វះខាតដ៏សំខាន់របស់ Manchester United គឺតំបន់ខ្សែការពារដែលហាក់នៅមានភាពទន់ជ្រាយ ខណៈដែលគ្រូបង្វឹករបស់ក្លឹប លោក Erik ten Hag មានការខកចិត្តយ៉ាងខ្លាំង ដែលគាត់មិនអាចចុះហត្ថលេខាផ្ទេរខ្សែការពារ និងខ្សែបម្រើកណ្ដាលចំណូលថ្មីបានសម្រេចនៅរដូវក្ដៅនេះ។
ស្របពេលដែលទីផ្សារដោះដូរកីឡាករកាន់តែខិតជិតដល់ការបិទបញ្ចប់នោះ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេសន្និដ្ឋានថា អាចនឹងលក់កីឡាករមួយចំនួនបន្ថែមទៀត និងអាចចុះហត្ថលេខាលើកីឡាករចំណូលថ្មីម្នាក់ទៀតផងដែរ។
ថ្វីត្បិតតែបច្ចុប្បន្ន Aaron Wan-Bissaka និង Diogo Dalot កំពុងប្រជែងគ្នានៅតំបន់ការពារស្ដាំ ប៉ុន្តែលោក Erik ten Hag នៅមើលឃើញថា ក្រុមរបស់គាត់នៅមានកង្វះខាតនៅឡើយ ក្នុងតំបន់នោះ។
យោងតាមគេហទំព័រ Football Insider បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United កំពុងសម្លឹងមើលលទ្ធភាពនៃការផ្ទេរខ្សែការពារស្ដាំ Nelson Semedo ដែលជាអតីតកីឡាកររបស់ Barcelona។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះមានតម្លៃខ្លួន 37 លានផោន ក្នុងឆ្នាំ 2020 ប៉ុន្តែបិសាចក្រហមរំពឹងទុកថា បច្ចុប្បន្នគេមិនមានតម្លៃខ្លួនថ្លៃដូចពីមុនឡើយ។ ប្រភព: Sportsmole