លោក ធឿន ធារ៉ា កីឡាករប្រដាល់គុនខ្មែរ ក្លិបអេភូថង បានប្រាប់ថា នៅពីក្រោយភាពជោគជ័យរបស់ខ្លួន ក្នុងវិស័យប្រដាល់គុនខ្មែរ ក្រៅពីការប្រឹងហ្វឹកហាត់ គឺមានមនុស្សសំខាន់ៗ មួយចំនួន ដែលតែងតែលើកទឹកចិត្ត និងជំរុញរូបលោក ឲ្យសម្រេចក្ដីស្រមៃ។ ធឿន ធារ៉ា ក៏មានឆន្ទៈចង់ឲ្យពិភពលោកទទួលស្គាល់គុនខ្មែរឲ្យកាន់តែខ្លាំងឡើង។
លោក ធឿន ធារ៉ា រហ័សនាមអ្នកលេងពូថៅពិឃាត បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗថា ការក្លាយខ្លួនជាកីឡាករប្រដាល់គុនខ្មែរ ដែលមានសមត្ថភាពល្អ ត្រូវហ្វឹកហាត់ឲ្យបានខ្ជាប់ខ្ជួន និងស្ដាប់តាមដំបូន្មានគ្រូបង្វឹក។ ប៉ុន្ដែអ្វីដែលសំខាន់ទៀតនោះ គឺការលើកទឺកចិត្ត និងគាំទ្រពីឪពុកម្ដាយ និងលោកគ្រូ-អ្នកគ្រូ។ កីឡាករប្រដាល់រូបនេះ ចាត់ទុកមនុស្សទាំង៤នាក់នេះ គឺជាបុគ្គលសំខាន់ នៅពីក្រោយជោគជ័យរបស់ខ្លួន។
«ខ្ញុំ មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូរបស់ខ្ញុំ គឺគាត់ជំរុញខ្ញុំ។ ឪពុកម្ដាយ គាត់តែងលើកទឹកចិត្ត ចំណែកលោកគ្រូអ្នកគ្រូ តែផ្ដល់ដំបូន្មាន។ ពួកគាត់ប្រាប់ថា យើងត្រូវតាំងចិត្តពេលឡើងប្រកួតម្ដងៗ គឺត្រូវឲ្យមុតមាំ។ លោកគ្រូ ទូន្មានថា ពេលឡើងប្រកួតកុំមើលងាយគូសត្រូវ ហើយឡើងប្រកួតកុំលេងសើចច្រើនពេក។»។ អ្នកលេងពូថៅពិឃាត បានប្រាប់ដូច្នេះ។
កីឡាករវ័យ ២៥ឆ្នាំរូបនេះ ក៏បានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការចូលរួមផ្សព្វផ្សាយគុនខ្មែរ ឲ្យបរទេសទទួលស្គាល់កាន់តែច្រើនឡើងៗ។ ធឿន ធារ៉ា បាននិយាយដូច្នេះ៖«ខ្ញុំ ត្រូវអភិវឌ្ឍខ្លួនឲ្យខ្លាំងជាងនេះ ដើម្បីឲ្យបរទេសទទួលស្គាល់គុនខ្មែរ យើងឲ្យកាន់តែច្រើន។»។
កីឡាកររូបនេះ បានឈ្នះប្រកួតអន្ដរជាតិ និងដណ្ដើមបានខ្សែក្រវ៉ាត់ផ្ទួនៗ ដូចជាឈ្នះខ្សែក្រវ៉ាត់ស្ដេចថៃ ពីកីឡាករ សៃ យុគ និងឈ្នះខ្សែក្រវ៉ាត់ IPCC ពីកីឡាករ Thiago។ បើទោះជាជោគជ័យច្រើន លើការប្រកួតអន្ដរជាតិក៏ដោយ ធារ៉ា បានបញ្ជាក់ថា រូបលោក មិនដែលមើលស្រាលដៃគូប្រកួតណាមួយឡើយ ។ ម្យ៉ាងវិញទៀត គឺត្រូវប្រុងប្រយ័ត្នឲ្យខ្លាំងបំផុងអំឡុងពេលប្រកួត។
អ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរមួយចំនួន ចាត់ទុកកាយវិកាសើច និងរាំរបស់ធារ៉ា លើសង្វៀនគឺជាការមើលស្រាលដៃគូ។ ចំពោះបញ្ហានេះ ធឿន ធារ៉ា បានបញ្ជាក់ថា កាយវិកាទាំងនោះ មិនមែនជាការ ឌឺដង ឬមើលស្រាលដៃគូទេ ។
អ្នកលេងពូថៅពិឃាតរូបនេះ បានប្រាប់ដូច្នេះថា៖«ទាំងអស់នេះ គឺគ្រាន់តែជាការទាក់ទាញអ្នកគាំទ្រប៉ុណ្ណោះ មិនមានឌឺដង ផ្លែផ្កាគ្នាទៅវិញទៅមកទេ។ យើងគ្រាន់តែសើច ដើម្បីឲ្យទស្សនិកជនជក់ចិត្ត។»។