បន្ទាប់ពីបានគ្រងជាម្ចាស់ខ្សែក្រវ៉ាត់ 8 Men Tournament ធឿន ធារ៉ា ត្រូវបានពិធីករ UFC សរសើរពេញៗមាត់ថាជាតារាដែលកំពុងរះ និងស្រែកទៅពិភពលោកអោយចងចាំឈ្មោះរបស់គាត់ ។ នៅទីបំផុត ធឿន ធារ៉ា ពិតជាអាចធ្វើបានមែន បន្ទាប់ពីបានយកឈ្នះដៃគូដល់ទៅបីរូបនៅក្នុងថ្ងៃតែមួយ ។ នៅក្នុងជុំដំបូង ធឿន ធារ៉ា បានយកឈ្នះកីឡាករ អ៊ុយក្រែន White Shark ដោយពិន្ទុ ចំពោះការប្រកួតមួយនេះ ធឿន ធារ៉ា ហាក់ចង់ផ្តាច់ដែរ តែដោយសារតែដៃគូល្អពេកបានត្រឹមតែវាយសន្សំកម្លាំងយកពិន្ទុតែប៉ុណ្ណោះ ។ ចូលមកដល់ជុំទីពីរ កីឡាករ ធឿន ធារ៉ា បានផ្តួលកីឡាករមកពីសាធារណៈរដ្ឋឆេក Michael អោយសន្លប់បាត់មាត់ឈឹងនៅក្នុងទឹកទីមួយយ៉ាងមិនគួរអោយជឿជាទីបំផុត ។
ឡើងមកដល់ជុំចុងក្រោយ ធឿន ធារ៉ា ត្រូវជួបជាមួយនឹងកីឡាករ ប្រស៊ីល បេនតូ កីឡាករ រូបនេះក៏មិនធម្មតាដែរ នៅក្នុងជុំទីមួយនឹងជុំទីពីរគេសុទ្ធតែបានផ្តួលដៃគូអោយបោះបង់ការប្រកួតនៅក្នុងទឹកទីពីរទាំងអស់ តែមកប៉ះ ធឿន ធារ៉ា នៅវគ្គផ្តាច់ព្រ័ត ក្រោយចូលកណ្តាប់ដៃផ្ទួនៗ ក៏សន្លប់ស្ងាត់មាត់ជា្របត្រឹមតែទឹកទីមួយតែប៉ុណ្ណោះ ជាលទ្ធផល ធឿន ធារ៉ា បានក្លាយជាម្ចាស់ជើងឯក Kun Khmer World Cup 8 Men Tournament ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់និងម្ចាស់រថយន្ត Pick Up ពី Ganzberg ផងដែរ ។ ក្រោយពេលដែល ធឿន ធារ៉ា បានក្លាយជាម្ចាស់ជើងឯក ស្រាប់តែពិធីករ UFC បានសរសើរចំៗបែបនេះថា
“គាត់ធ្វើវាបានហើយ អស់លោកលោកស្រីអ្នកនាងកញ្ញា គាត់គឺជាតារាដែលកំពុងរះក្នុងគុនខ្មែរ គាត់បានផ្តួល បេនតូ អោយសន្លប់នៅក្នុងទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ។ គាត់គឺជាជើងឯក Kun Khmer World Cup ។វាគឺជាព្រឹត្តការណ៍ដែលមិនអាចបំភ្លេចបាននៅក្នុងជីវិតរបស់គាត់ ។ នេះជាការផ្តួលអោយសន្លប់ពោរពេញដោយកម្លាំងពី ធឿន ធារ៉ា ។ គាត់មានឈ្មោះថា ធឿន ធារ៉ា ។ គាត់បានចារឈ្មោះជាប្រវត្តិសាស្ត្រនៅក្នុងគុនខ្មែរនៅក្នុងរាត្រីនេះ ។ គាត់ទើបតែអាយុ 25 ឆ្នាំប៉ុណ្ណោះ ។ នៅមានរឿងជាច្រើនទៀតសម្រាប់គាត់ ។ អស់លោកលោកស្រីដែលកំពុងទស្សនានៅទូទាំងពិភពលោក សូមចាំឈ្មោះម្នាក់នេះទុក គាត់មានឈ្មោះថា ធឿន ធារ៉ា ។