លោក Jacques Pellet អគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា មានសុទិដ្ឋិនិយមចង់ឲ្យព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីសឆ្នាំ២០២៤ ក្លាយជាឱកាសដើម្បីលើកកម្ពស់ទំនាក់ទំនង់រវាងបារាំង-កម្ពុជា ហើយក៏ជាការអនុវត្តសកម្មភាពកីឡាសម្រាប់ក្មេងៗ។ ក្នុងពិធីជាមួយគ្នានេះ លោក ហង់ជួន ណារុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងថា វិស័យកីឡា មានសមត្ថភាពបង្រៀន មនុស្សឲ្យចេះគោរពគ្នា និងភាពក្លាហានប្រកួតប្រជែង ដើម្បីមុខមាត់ប្រទេសជាតិ។
ទូតបារាំងប្រចាំនៅកម្ពុជា បានធ្វើពិធី ៥០០ថ្ងៃមុនព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣។ ពិធីនេះ ធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមជាពីអធិបតីភាពលោក Jacques Pellet និងលោក ហង់ ជួន ណារ៉ុន។
អគ្គរដ្ឋទូតបារាំងរូបនេះ បានថ្លែងប្រាប់ពីគោលបំណង នៃការរៀបចំកម្មវិធីនេះថា លោកចង់ឲ្យព្រឹត្តិការណ៍អន្ដរជាតិមួយនេះ ក្លាយជាឱកាសនៃការពង្រឹង ទំនាក់ទំនងមិត្តភាពកម្ពុជា-បារាំង។ ម្យ៉ាងវិញទៀត វា ក៏ជាឱកាសសម្រាប់បញ្ជ្រាប សកម្មភាពកីឡាទៅដល់ក្មេងៗ ដោយរាប់បញ្ចូលនូវសាមគ្គីភាព បរិយាបន្ន និងផ្នត់គំនិត ដែលជឿថាមនុស្សគ្រប់គ្នា គឺអាចលេង និងចូលរួមក្នុងសកម្មភាពកីឡាបាន។ ចំណុចសំខាន់ មួយទៀតក្នុងថ្ងៃទី១៤ ខែមីនានេះ គឺពហុកីឡដ្ឋានជាតិអូឡាំពិក ជាហេដ្ឋរចនាសម្ព័ន្ធកីឡាមួយ បង្ហាញពីនិមិត្តសញ្ញាមិត្តភាពកម្ពុជា-បារាំង។ ជាពិសេសវា ក៏ជាការរម្លឹកទៅដល់អតីតកាលឆ្នាំ ១៩៦៦ លោក Charles De Gaulle អតីតប្រធានាធិបតីបារាំង បានថ្លែងសុន្ទរកនាពិធី សម្ពោធទីតាំងកីឡដ្ឋានអូឡាំពិកមួយនេះ។
ក្នុងឱកាសនេះដែរ លោក ហង់ ជួន ណារ៉ុន ក៏បានថ្លែងប្រាប់ទាំងសេចក្ដីរីករាយថា នេះ គឺជាឱកាសសម្រាប់រូបលោក ចូលរួមកោតសរសើរ ដល់អត្ដពលិកកម្រិតខ្ពស់ អត្ដពលិកអាជីព និងអត្ដពលិកផ្សេងទៀត។ រដ្ឋមន្ដ្រីអប់រំរូបនេះ ជឿថាសកម្មភាពកីឡា មានសារសំខាន់សម្រាប់អប់រំយុវជន និងប្រជាពលរដ្ឋទាំងអស់។
«ទោះបីជាព្រឹត្តិការណ៍ថ្ងៃនេះ មិនមានភាពប្រកួតប្រជែងក៏ដោយ ប៉ុន្ដែខ្ញុំ នៅតែចង់និយាយអំពីស្មារតីនៃការគោរពចំពោះដៃគូប្រកួតរបស់ខ្លួន ការខិតខំប្រឹងប្រែង ការយកឈ្នះលើខ្លួនឯង ភាពក្លាហាន និងចំណង់ចំណូលចិត្ត។ នេះ គឺជាគុណតម្លៃ មិនត្រឹមតែក្នុងសង្វៀនកីឡាទេ ប៉ុន្ដែក៏មានក្នុងសង្គមទាំងអស់ នៅគ្រប់វ័យ និងនៅគ្រប់បុគ្គលផងដែរ។ កីឡា មានសមត្ថភាព មិនអាចកាត់ថ្លៃបាន គឺបង្រៀន និងលើកតម្កើងស្មារតី។»។ លោក ហង់ជួន ណារុន បានថ្លែងដូច្នេះ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសបារាំង។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៤៕