ទឹកចិត្តពុក ចំពោះម្ចាស់មេដាយមាសកម្ពុជា ៣ រូប ធ្វើឱ្យមហាជនរំជួលចិត្ត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ខែ​ឧសភា 13, 2023

នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ មហាជនអ្នកនិយមស្នេហាវិស័យកីឡា និង អ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីរំជួលចិត្ត និង ស្ញើចសរសើរមិនដាច់ពីមាត់នូវទឹកចិត្តឪពុករបស់កីឡាការិនី និង កីឡាករ ៣ រូប ដែលបានគាំទ្រកូនដោយផ្ទាល់ ជួយជាកម្លាំងចិត្តដ៏ធំឱ្យកូនៗក្នុងការប្រកួតដើម្បីដណ្តើមមេដាយមាសជូនជាតិ។ ទឹកចិត្តឪពុកកីឡាករ កីឡាការិនី ដែលធ្វើឱ្យមហាជនរំជួលចិត្ត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នោះមានដូចជា ៖

១. កីឡាការិនី ខាន់ ចេសា និង ឪពុក ឪពុករបស់ ខាន់ ចេសា ជាបុរសតែម្នាក់គត់ដែលតែងនៅក្បែរ ចេសា មិនថាពេលចាញ់ ឬ ឈ្នះឡើយ។ ពិតណាស់ រាល់ការប្រកួតរបស់កូន ឪពុកកីឡារិនី ខាន់ ចេសា តែត្រូវបានមហាជនឃើញថាបាននៅក្បែរកូនគ្រប់ពេល ជាក់ស្តែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ នេះ កាលពីប្រកួតដំបូងទោះបី ខាន់ ចេសា បានត្រឹមដាយប្រាក់ដោយចាញ់ដៃកីឡាការិនី ហ្វីលីពីន ក្តី ក៏លោកនៅពីក្រោយចាំលើកទឹកចិត្តដល់កូន ផ្តល់ភាពកក់ក្តៅដល់កូនជានិច្ច។ យ៉ាងណាមិញ ចំពោះការប្រកួតលើកទី ២ ពេលដែលកីឡាការិនី ខាន់ ចេសា បានយកឈ្នះមេដាយមាសមកវិញនោះទេ ក៏មានវត្តមានឪពុកនៅក្បែរផងដែរ។

២. កីឡាករ អេវីរៈ ខាំឈីតភូថង និង ឪពុក ដែលជាស្ដេចប្រដាល់ អេ ភូថង ក្រោយទទួលបានជ័យជំនះ ទទួលបានមេដាយមាស លើប្រភេទកីឡាវ៉ូវីណាម កីឡាករ អេវីរៈ ខាំឈីតភូថង បានរត់ទៅឱបលោកពុកម្តាយរបស់ខ្លួនទាំងទឹកភ្នែករលីងរលោង នៅទីតាំងដែលលោកពុកម្តាយរបស់ខ្លួនអង្គុយគាំទ្រលើកទឹកចិត្ត រង់ចាំមើលកូនជាទីស្រឡាញ់យកជ័យជំនះជូនគ្រួសារ និង ជាតិមាតុភូមិ។

២. កីឡាការិនី ស្រួង ភាវី និងឪពុក ក្រោយទទួលបានមេដាយមាស ស្រួង ភាវី បានទម្លាយថាពីទឹកចិត្តឪពុករបស់ខ្លួនថា ៖ «រាល់​ពេល​ដែល​ដឹង​ថា​ ខ្ញុំ​ត្រូវឡើង​ប្រកួត​ម្ដង​ៗ​ ឪពុក​របស់​ខ្ញុំ​គាត់​ដាក់​ចិត្ត​ដាក់​បេះដូង​ មើល​ខ្ញុំ​ប្រកួត​ពី​ចម្ងាយ​ តាម​ទូរសព្ទ​ដៃ​របស់​គាត់​ ពេល​ខ្លះ​គាត់​មើលឡើង​គ្រុន​ ព្រោះ​ខ្លាច​កូន​ចាញ់​គេ​ គាត់​ប្រឹង​រហូតដល់​ឈឺ​សរសៃ​ពោះ​ ព្រោះ​ខំ​ប្រឹង​តាម​កូន​ស្រី​ ពេល​ប្រកួត​នៅ​ទឹកដី​កូរ៉េ​កន្លងមក​។ ពេល​នេះ​លោក​ពុក​បាន​មក​មើល​កូន​ប្រកួត​ដោយ​ផ្ទាល់​ នៅ​លើ​ទឹក​ដី​នៃ​មាតុភូមិ​ ខ្ញុំ​ដឹង​ថា​អារម្មណ៍​លោក​ពុក​ពេល​នេះ​ ក៏មិន​ខុស​ពេល​មុនៗ​ដែរ​»៕