ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍មកថា អាចនឹងធ្វើការលើគម្រោងថ្មីនៃការទិញយកខ្សែប្រយុទ្ធរបស់ក្លឹបយក្សបារាំង Paris Saint-Germain គឺកីឡាករ Kylian Mbappe នៅចុងខែនេះ។
ពេញមួយទីផ្សារដោះដូរកីឡាកររដូវក្តៅទៅហើយ ដែលអនាគតរបស់ Mbappe បានក្លាយជាប្រធានបទនៃការជជែកវែកញែកមិនចេះចប់មិនចេះហើយ។
ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe បានកំណត់គោលដៅរបស់ខ្លួនរួចហើយ ដោយគាត់បានប្រាប់ក្លឹប PSG ដែលជាក្លឹបបច្ចុប្បន្នរបស់ខ្លួនថា គាត់មានបំណងចាកចេញពី Parc des Princes នៅឆ្នាំ 2024។
ជាមួយគ្នានោះ អ្វីដែលកីឡាកររូបនេះបានលើកឡើងត្រូវជំទាស់ភ្លាមៗដោយ PSG ដែលមិនចង់បាត់បង់ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ពួកគេ លើការផ្ទេរចេញដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ។
PSG បានព្យាយាមខិតខំប្រឹងប្រែងឲ្យ Kylian Mbappe បន្តកុងត្រាថ្មី ហើយក៏ព្យាយាមស្វែងរកការលក់ខ្សែប្រយុទ្ធរូបនេះចេញផងដែរ។ ស្ថានភាពរបស់ Mbappe នៅ PSG ពេលនេះមិនដូចមុនទេ ដោយគាត់ត្រូវបានក្លឹបបារាំងបញ្ចុះបញ្ចូលឲ្យបន្តកុងត្រាថ្មី និងព្យាយាមលក់គាត់ចេញឲ្យបានមុនពេលផុតកុងត្រា។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាម BILD បានឲ្យដឹងថា Real Madrid កំពុងបារម្ភពីស្ថានភាពបច្ចុប្បន្នដែលពួកគេអាចនឹងបាត់បង់ឱកាសក្នុងការផ្ទេរ Kylian Mbappe។
ដូច្នេះហើយក្លឹបយក្សនៅអេស្ប៉ាញមួយនេះគ្រោងនឹងដាក់សំណើរទៅ PSG ជាមួយនឹងទឹកប្រាក់ 103 លានផោន នៅចុងខែនេះ ដែលជាអំឡុងពេលថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករជិតបិទ។ ប្រភព: Sportsmole