ករណីបាត់ខ្លួននាវាមុជទឹក Titan បានក្លាយជារឿងដ៏ក្ដៅមួយ បណ្ដាលឱ្យក្រុមសង្រ្គោះមមាញឹកក្នុងការខិតខំព្យាយាមតាមរុករក ដើម្បីជួយសង្គ្រោះដល់អ្នកដំណើរទាំង ៥ នាក់ក្នុងនោះ ស្របពេលដែលអុកស៊ីហ្សែនរបស់នាវានៅសល់ត្រឹមតែ ១០ ម៉ោងទៀតប៉ុណ្ណោះ។
យ៉ាងណាមិញ ព័ត៌មានជាច្រើនក៏បានចុះផ្សាយដែរថា អ្នកទេសចរក្នុងនាវានេះ សុទ្ធតែជាមហាសេដ្ឋីទាំងអស់។ ខាងក្រោមនេះ គឺជាសមាសភាពអ្នកទេសចរ ៥ នាក់ ដែលបានបាត់ខ្លួនអំឡុងពេលធ្វើដំណើរទៅមើលសពកប៉ាល់ទីតានិច។
១ និង ២. លោក Shahzada និង Suleman Dawood
Shahzada Dawood និង Suleman Dawood គឺជាឪពុក និង កូន មកពីគ្រួសារដ៏លេចធ្លោបំផុតមួយរបស់ប៉ាគីស្ថាន។ លោក Shahzada Dawood ជាឪពុកមានអាយុ ៤៨ ឆ្នាំ ហើយកូនប្រុសរបស់លោក Suleman Dawood មានអាយុ ១៩ ឆ្នាំ។
លោក Shahzada Dawood គឺជាអនុប្រធានក្រុមហ៊ុន Engro របស់ប៉ាគីស្ថាន និង ជាទីប្រឹក្សាដ៏ចំណាស់មួយនៅអង្គការសប្បុរសធម៌ Prince’s Trust International របស់ស្តេច Charles ទី ៣ នៃចក្រភពអង់គ្លេស។ លោករស់នៅក្នុងទីក្រុង Surbiton ភាគនិរតីនៃទីក្រុងឡុងដុង ជាមួយនឹងគ្រួសារ។
៣. លោក Stockton Rush
លោក Stockton Rush គឺជានាយកប្រតិបត្តិ និង ជាស្ថាបនិកនៃក្រុមហ៊ុននាវាមុជទឹក OceanGate Expeditions ដែលបានបណ្តុះបណ្តាលជាអ្នកបើកយន្តហោះ និង បានក្លាយជាអ្នកបើកបរយន្តហោះ ដែលក្មេងជាងគេបំផុតនៅលើពិភពលោក (អាយុ ១៩ ឆ្នាំ) កាលពីឆ្នាំ ១៩៨១ ។ លោកបានបញ្ចប់ការសិក្សាពី Princeton សញ្ញាប័ត្រផ្នែកវិស្វកម្មអវកាសក្នុងឆ្នាំ ១៩៨៤ ដោយបានរៀបការជាមួយនឹង Wendy Rush Nee Weil ក្នុងឆ្នាំ ១៩៨៦ ។
៤. លោក Paul Henri Nergeolet
លោក Paul Henri Nergeolet គឺជាអតីតមេបញ្ជាការម្នាក់ ដែលបានបម្រើការនៅក្នុងកងទ័ពជើងទឹកបារាំងអស់រយៈពេល ២៥ ឆ្នាំ ដោយបច្ចុប្បន្នលោកមានអាយុ ៧៧ ឆ្នាំ និង ជាមនុស្សដំបូង ដែលបានចុះបេសកកម្មទស្សនាកប៉ាល់ក្នុងឆ្នាំ ១៩៨៧ ។ លោក Nargeolet បានរៀបការជាមួយអ្នកអានព័ត៌មានឈ្មោះ Michelle Marsh ជាជនជាតិអាមេរិក រហូតដល់ឆ្នាំ ២០១៧ លោកស្រីបានស្លាប់ក្នុងអាយុ ៦៣ ឆ្នាំ។
៥. លោក Hamish Harding
លោក Hamish Harding គឺជាមហាសេដ្ឋីសញ្ជាតិអង់គ្លេសម្នាក់ និង ជាអ្នកបើកយន្តហោះ ព្រមទាំងជាប្រធានក្រុមហ៊ុន Action Aviation ដែលជាក្រុមហ៊ុនលក់ និង ប្រតិបត្តិការគ្រប់គ្រងការលក់យន្តហោះឯកជន។ លោកបានចូលរួមបេសកកម្ម OceanGate ជាអ្នកឯកទេសបេសកកម្ម។ លោក Harding មានអាយុ ៥៨ ឆ្នាំ ហើយយោងតាមរបាយការណ៍ជាច្រើនបានឱ្យដឹងថា លោកមានកូនប្រុស ២ នាក់ឈ្មោះ Rory និង Giles ដោយកាលពីឆ្នាំ ២០២២ កន្លងទៅលោកបានចូលរួមក្នុងការហោះហើរអវកាសលើកទី ៥ ដោយក្រុមហ៊ុនអាកាសចរណ៍ Blue Origin របស់ Jeff Bezos ៕