សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា រៀបចំសិក្ខាសាលាស្ដីពីគណៈកម្មការបច្ចេកទេសកីឡាទ្រីយ៉ាត្លុង ចាប់ពីថ្ងៃទី២០-២២ ខែមីនា នៅខេត្តកែប ដោយមានការចូលរួមពីលោក អ៊ឹម បញ្ញារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកែប និងលោក Vijitr Sitinawin ប្រធានស្តីទីសហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី និងជាប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងថៃ។ លោកស្រី សូ រ៉ាន់ដេត គ្រូជម្រើសជាតិកីឡាទ្រីយ៉ាត្លុង បានបញ្ជាក់ថា សិក្ខាសាលានេះ ធ្វើឡើងដើម្បីរៀបចំគណៈកម្មាការបច្ចេកទេស និងទីលានប្រកួតក្នុងព្រឹត្ដិការណ៍ស៊ីហ្គេម លើកទី៣២។
លោកស្រី សូ រ៉ាន់ដេត បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា យកចិត្តទុកដាក់ជាខ្លាំងក្នុងការរួមចំណែកធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅកម្ពុជា នាអំឡុងខែឧសភា ឆ្នាំ២០២៣នេះ ធ្វើយ៉ាងណាឲ្យការរៀបចំកីឡានេះ ទទួលបានការពេញចិត្តពីសមាជិកប្រទេស ដែលចូលរួម។ គ្រូបង្វឹករូបនេះ បន្ថែមថា សហព័ន្ធ រៀបចំសិក្ខាសាលានេះ ដើម្បីរៀបចំបច្ចេកទេស និងទីលានប្រកួតឱ្យបានត្រឹមត្រូវសម្រាប់ស៊ីហ្គេមខាងមុខនេះ។
«សិក្ខាសាលានេះ ដើម្បីរៀបចំគណៈកម្មការបច្ចេកទេសស៊ីហ្គេម នៅខែឧសភា ខាងមុខនេះ ហើយសិក្ខាសាលា ក៏ផ្តល់របៀបរៀបចំទីលាន បច្ចេកទេស និងច្បាប់នៃការប្រកួត។»។ លោកស្រី សូ រ៉ាន់ដេត បានប្រាប់ដូច្នេះ។
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបញ្ជាក់ថា សិក្ខាសាលានេះ មានសិក្ខាកាមចូលរួម ៦៩នាក់ ក្នុងនោះ មានមន្ដ្រីបច្ចេកទេសខេត្តកែប ១៥នាក់, មន្ដ្រីបច្ចេកទេសពីភ្នំពេញ១៥ នាក់, យុវជនស្ម័គ្រចិត្ត២០នាក់, ក្រុមជម្រើសជាតិ១៦នាក់ និងមន្ដ្រីថៃ ៣នាក់។ ក្នុងចំណោមសរុប នៃសិក្ខាកាមទាំងនោះ ស្ដ្រី មានចំនួន១៨នាក់។
គួរបញ្ជាក់ថា សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានដាក់ ៤វិញ្ញាសាធំៗ មាន៖ វិញ្ញាសាទ្រីយ៉ាត្លុង បុរស-នារី, វិញ្ញាសាឌូយ៉ាត្លុង បុរស-នារី, វិញ្ញាសាអាគ័តត្លុងបុរស-នារី និងវិញ្ញាសាអាគ័ត្លុង បណ្តាក់ចម្រុះ (Aquathlon Mixed Relay។ ប្រភេទកីឡានេះ នឹងប្រកួតចាប់ពីថ្ងៃទី៦-៨ ខែឧសភា នៅខេត្តកែប។ រីឯ ព្រឹត្តិការណ៍ស៊ីហ្គេម ការប្រកួត នឹងចាប់ផ្ដើមបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា ហើយបិទទៅវិញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕