កាលពីល្ងាចម្សិលមិញក្រុមជម្រើសជាតិអាយុក្រោម 22 ឆ្នាំ ថៃ និង វៀតណាម បានទទួលជ័យជម្នះរៀងខ្លួនក្នុងថ្ងៃប្រកួតបើកឆាកពូល B ដែលធ្វើឡើងនៅកីឡដ្ឋានព្រីនស៍ ។ គូបើកឆាកគឺជាការប៉ះគ្នារវាង ថៃ ទល់នឹង សិង្ហបុរី ដោយថៃ បានផ្តួល សិង្ហបុរី ក្នុងលទ្ធផល 3-1 ដណ្តើមបានបីពិន្ទុក្នុងការប្រកួតដំបូងរបស់ខ្លួន ។ បីគ្រាប់របស់ ថៃរកបានដោយកីឡាករ Teerasakនាទីទី 8 គ្រាប់ទីពីររកបានដោយកីឡាករ Achitpol នៅនាទីទី 38 និងគ្រាប់បាល់ចុងក្រោយរកបានដោយកីឡាករ Thodsanid នៅនាទីទី 49 មួយគ្រាប់សិង្ហបុរីរកបានដោយកីឡាករ Nicky នៅនាទីទី 41 ។
ដោយឡែកបើយើងក្រឡេកមកមើលការប្រកួតរបស់ក្រុមជម្រើសជាតិវៀតណាមអាយុក្រោម 22 ឆ្នាំ ជាមួយនឹងក្រុមជម្រើសជាតិ ឡាវ ដោយ វៀតណាម បានបំបាក់ក្រុមជម្រើសជាតិ ឡាវ ក្នុងលទ្ធផល 2-0 ។ ពីរគ្រាប់របស់ វៀតណាម រកបានដោយកីឡាករ Van Tung Nguyen នៅនាទីទី 2 និងគ្រាប់ទីពីររកបានដោយកីឡាករ Quoc Viet Nguyen នៅនាទីទី 90 ។ ក្រោយបញ្ចប់ការប្រកួតក្រុមជម្រើសជាតិ ថៃ ឈរនៅលើកំពូលតារាងពូល B បណ្តោះអាសន្ន ខណៈ វៀតណាម ស្ថិតនៅលេខពីរ ។
ចំពោះប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិ វៀតណាម នឹងត្រូវជួបគ្នាជាមួយនឹងក្រុមជម្រើសជាតិ សិង្ហបុរី នៅថ្ងៃទី 3 ខែ ឧសាភា ឆ្នាំ 2023 វេលាម៉ោង 04:00 ល្ងាច ខណៈថៃត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិ ម៉ាឡេស៊ី នៅថ្ងៃទី 6 ខែឧសភា វេលាម៉ោង 04:00 ល្ងាច ។