គិតតាំងពីឆ្នាំ១៩៥៩ នៃការប្រកួតឧបទ្វីបអាស៊ីអាគ្នេយ៍ រហូតមកដល់ឆ្នាំ២០២២ នៃការប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម អត្ដពលិកបាល់ទាត់ផ្នែកបុរសថៃ ឈ្នះមេដាយមាស ១៦លើក ច្រើនជាងគេក្នុងចំណោមប្រទេសសាមាជិកអាស៊ីអាគ្នេយ៍ទាំង១១ តាមពីក្រោយដោយម៉ាឡេស៊ី ដែលគ្រងជើងឯក៦លើក។
ការប្រកួតកីឡាក្នុងឧបទ្វីបអាស៊ីអាគ្នេយ៍ (Southeast Asian Peninsular Games) លើកទី១ ត្រូវបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ដោយមានតែ ៦ប្រទេសចូលរួម ក្នុងនោះមានម្ចាស់ផ្ទះ, ភូមា (មីយ៉ាន់ម៉ា), ឡាវ, ម៉ាឡេស៊ី, សិង្ហបុរី និងវៀតណាម (ខាងត្បូង)។ អត្ដពលិកជម្រើសជាតិបាល់ទាត់ថៃ, វៀតណាម, ម៉ាឡេស៊ី, និងមីយ៉ាន់ម៉ា គឺជាបេក្ខភាព ដែលមិនធ្លាប់អវត្តមានប្រកួតក្នុងវិញ្ញាសាកីឡាបាល់ទាត់ឡើយ ខណៈប្រទេសផ្សេងទៀតរួមទាំងកម្ពុជា អវត្តមានខ្លះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ក្រោមហេតុផល បញ្ហានយោបាយ គ្រោះធម្មជាតិ និងសេដ្ឋកិច្ច។
ប្រសិនជានិយាយពីមេដាយមាសក្នុងវិញ្ញាសាបាល់ទាត់បុរស អត្ដពលិកថៃ ឈ្នះមេដាយមាស ១៦លើក ច្រើនជាងគេ រួមទាំងមេដាយប្រាក់ ៥លើក និងសំរិទ្ធ៥លើក ផងដែរ។ រីឯ ម៉ាឡេស៊ីនៅលេខ២ ដោយ រកបានមាស៦ ប្រាក់៦ និងសំរិទ្ធ៧ តាមពីក្រោយដោយ មីយ៉ាន់ម៉ា មេដាយមាស ៥លើក, វៀតណាម មេដាយមាស ៣លើក និងឥណ្ឌូណេស៊ី ២មេដាយមាស។
ដោយឡែកកម្ពុជា មិនធ្លាប់ឈ្នះមេដាយណាមួយឡើយ លើវិញ្ញាសាកីឡាបាល់ទាត់ផ្នែកបុរស ប៉ុន្ដែអត្ដពលិកកម្ពុជា ធ្លាប់បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រម្ដង កាលពីឆ្នាំ២០១៩ ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន។
សម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា លើវិញ្ញាសាកីឡាបាល់ទាត់ផ្នែកបុរស ក្រុមកីឡាបាល់ទាត់អាយុក្រោម២២ឆ្នាំរបស់កម្ពុជា ត្រូវស្វាគមន៍ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត។ នេះបើតាមលទ្ធផលនៃការចាប់ឆ្នោតនារសៀលថ្ងៃទី៥ ខែមេសា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ រីឯពូល B មានវៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី និងឡាវ៕