ផែនការណ៍ដែលរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតបោះលុយធំ ២០ ពាន់លានដុល្លារទៅក្នុងគម្រោងអភិវឌ្ឍបាល់ទាត់នារយៈពេល ២ ឆ្នាំទៅមុខ ក្នុងនោះក៏មានមួយផ្នែកតូចបានទូទាត់ទៅឲ្យខ្សែប្រយុទ្ធឆ្នើម Karim Benzema ផងដែរ បន្ទាប់ទើបប្រកាសផ្ទេរមកចូលរួមផ្លូវការ នៅក្លឹបម្ចាស់ជើងឯក Saudi Pro League គឺ Al-Ittihad។
មានន័យថា កីឡាករបារាំងមកចូលរួមសារនេះ ក៏កំណត់នឹងត្រូវជួបមិត្តចាស់ Cristiano Ronaldo តែមិនមែនជាមិត្តដូចកាលនៅ Real Madrid ផ្ទុយទៅវិញ នឹងក្លាយជាគូប្រជែង ចង់យកឈ្នះចាញ់ ជាពិសេសគឺពានលីគកំពូលនោះឯង។
ក៏ជឿថាប្រិយមិត្តមួយចំនួនមិនទាន់បានដឹងច្បាស់នៅឡើយ ជុំវិញទំហំប្រាក់ឈ្នួលដែលកីឡាករវ័យ ៣៥ ឆ្នាំទទួលបាន ពីក្លឹបនៅប្រទេសអ្នកមានក្នុងប៉ែកមជ្ឈិមបូព៌ាខាងលើ។ តាមទិន្នន័យបង្ហាញច្បាស់ពី Fabrizio Romano សម្រាប់ Benzema បានព្រមព្រៀងលើសុពលភាពកុងត្រារយៈពេល ២ ឆ្នាំ ហើយនេះរាប់បញ្ចូលទាំងប្រាក់ពលកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា មួយឆ្នាំលោកទទួលបាន ២០០ លានអឺរ៉ូ ឬពីរឆ្នាំ ៤០០ លានអឺរ៉ូ លើកុងត្រាដែលចុះហត្ថលេខាមួយសន្លឹកនោះ។
តាមការគុណចែកឲ្យស៊ីជម្រៅទៅ មានន័យថា ទោះឈរជើងលើទីលាន ឬក្រៅទីលាន ឲ្យតែមានឈ្មោះជាកីឡាករតំណាងឲ្យ Al Ittihad៖
១ ខែ ទទួលបានប្រហែល ១៦ លានអឺរ៉ូ
១ សប្តាហ៍ ទទួលបានប្រហែល ៤ លានអឺរ៉ូ
១ ថ្ងៃ ទទួលបានប្រហែល ៥៩៥ ០០០ អឺរ៉ូ
១ ម៉ោង ទទួលបានប្រហែល ២៤ ៨០០ អឺរ៉ូ
១ នាទី ទទួលបានប្រហែល ៤១៣ អឺរ៉ូ
១ វិនាទី ទទួលបានប្រហែល ៦,៩ អឺរ៉ូ ឬ ៣០ ០០០ រៀលលុយខ្មែរ
ទំហំប្រាក់ដែលទទួលបាន គឺជាតួលេខប្រហាក់ប្រហែលនឹងអ្វីដែល CR7 កើបយករៀងរាល់វិនាទី ពីក្លឹប Al Nassr យ៉ាងដូច្នោះ តែនេះបើធៀបកាលប្រាក់ឈ្នួលនៅក្លឹបចាស់ Benzema ទទួលបាន គឺខុសគ្នាជិត ១០ ដង។ និយាយឲ្យងាយយល់ ឈរជើងនៅអធិរាជស ១០ ឆ្នាំ ស្មើត្រឹមប្រាក់រកបាននៅ Al Ittihad ១ ឆ្នាំប៉ុណ្ណោះឯង។
និយាយក្រោយផ្ទេរមកទ្រនំថ្មី Benzema លើកឡើង៖ “Al Ittihad ជាកន្លែងប្រកួតប្រជែងថ្មីសម្រាប់ខ្ញុំ នេះជាលីគដ៏ល្អមួយ ក៏បណ្តុំទៅដោយកីឡាករល្អៗជាច្រើន ណាមួយ Cristiano Ronaldo នៅទីនោះស្រាប់ គេជាមិត្តរបស់ខ្ញុំ ដែលបង្ហាញអំពីការបោះជំហាននៃបាល់ទាត់អារ៉ាប៊ីសាអូឌីត ហើយសម្រាប់ខ្ញុំមកទីនេះ គឺដាក់គោលដៅយកជ័យជម្នះ ដូចធ្លាប់បានធ្វើនៅអឺរ៉ុប”។
រំឭកដែរថា សម្រាប់ក្លឹបមានអាយុកាល ៩៥ ឆ្នាំខាងលើ មិនមែនតែបញ្ចប់ត្រឹមការយកបាន Benzema ម្នាក់ប៉ុណ្ណោះទេ ផ្ទុយទៅវិញ ក៏បានដាក់គោលដៅលើកីឡាករបារាំងមួយរូបផ្សេងទៀត នោះគឺខ្សែបម្រើ N’Golo Kante ដ្បិតកៀកនឹងផុតកុងត្រាជាមួយក្លឹបតោខៀវ Chelsea នាដំណាច់ខែមិថុនាខាងមុខ។
ប្រភពពី Romano ដដែលបានសង្កត់ធ្ងន់ថា ភាគីខាងក្លឹប Al Ittihad ទើបតែធ្វើដំណើរទៅដល់ទីក្រុងឡុង ដើម្បីជជែកដោយផ្ទាល់ និងរៀបចំឯកសារផ្សេងៗឲ្យ Kante ចុះហត្ថលេខា ហើយគ្រប់យ៉ាងវាកៀកនឹងក្លាយជាការពិត ជាមួយការផ្តល់ជូនប្រាក់ឈ្នួល ១០០ លានអឺរ៉ូ/ឆ្នាំ លើសុពលភាពដល់ឆ្នាំ ២០២៥៕