តស់ណាត់ Crush ទៅថតរូប! «បេះដូងច្រើនជាងគេលើពិភពលោក» បានធ្វើដំណើរពីសៀមរាបមកដល់វិមាន ឈ្នះឈ្នះ ហើយ…

ខែ​មេសា 28, 2023

នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ នេះនៅបរិវេណវិមានឈ្នះ ឈ្នះ នឹងមានរៀបចំកម្មវិធី Beyond the Games’ Day របស់សហព័ន្ធសហភាពយុវជនកម្ពុជា

ដែលជាកម្មវិធីធ្វើឡើងដើម្បីសាទរភាពជាម្ចាស់ផ្ទះ និង ដើម្បីបង្ហាញភាសាបេះដូងសម្រាប់កម្ពុជា និង សម្រាប់អត្តពលិកកម្ពុជា ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ។

ជាមួយគ្នានេះដែរ យោងតាមហ្វេសប៊ុកផេក Beyond the Game បានឱ្យដឹងដែរថា ក្រៅពីបានចូលរួមលើកទឹក និង បង្ហាញភាសាបេះដូងទៅដល់អត្តពលិកហើយ អ្នកចូលរួមទាំងអស់នឹងបានទទួលនូវអារម្មណ៍សប្បាយរីករាយជាមួយនឹងកម្មវិធីកម្សាន្តសប្បាយផ្សេងៗ ដែលបានរៀបចំរួចជាស្រេច។

មិនតែប៉ុណ្ណោះទេ អ្នកចូលរួមក៏អាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយនឹងបេះដូងក្រដាស ដែលបត់ដោយដៃផ្ទាល់របស់ប្រជាពលរដ្ឋខ្មែរ មានចំនួន ៣ ៩១៧ ៨០៥ បេះដូង ដែលបានប្រមូលយកមកពីខេត្តសៀមរាប ដើម្បីដាក់តាំងបង្ហាញនៅឯបរិវេណវិមានឈ្នះ ឈ្នះ ក្នុងថ្ងៃទី ២៨ នេះ។

គួរបញ្ជាក់ដែរថា កម្មវិធី Beyond the Games’ Day នឹងធ្វើឡើងនៅម៉ោង ៤ ល្ងាចថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ នេះ ដោយមានការតាំងពិព័រណ៍ស្នាដៃគំនូរចំនួន ២៤០ ផ្ទាំង រួមជាមួយនឹងការប្រគំតន្រ្តី ដែលមានសិល្បៈករល្បីៗជាច្រើនរូបចូលរួម៕ រក្សាសិទ្ធិរូបភាពដោយ ៖ Ki Sowa