កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ កីឡាការិនីអ្នកនាង ស្រួង ភាវី បានវិលត្រឡប់ទៅកាន់ប្រទេសកូរ៉េវិញហើយ ក្រោយពីបញ្ចប់ការប្រកួតស៊ីហ្គេមលើកទី ៣២ និង ដណ្តើមបានមេដាយមាស ១ មេដាយប្រាក់ ១ ជូនប្រទេសកម្ពុជា។
មុននឹងការវិលត្រឡប់ទៅកូរ៉េវិញ កីឡាការិនី ស្រួង ភាវី ក៏បានចូលរួមការងារសង្គមជាច្រើន និង ធ្វើឱ្យមហាជនអ្នកគាំទ្រនៅកម្ពុជា មានក្តីនឹករឭកដល់អ្នកនាងយ៉ាងខ្លាំងទៀតផង។
ដោយឡែក ស្រាប់តែនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ កីឡាការិនី ស្រួង ភាវី បានបង្ហោះសារទាំងយប់ លើកឡើងពីអត្តចរិតកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ពេលជួបគ្នានាថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កន្លងទៅ រហូតធ្វើឱ្យកីឡាការិនីរូបនេះមិនអាចបំភ្លេចបាន។
ក្នុងនោះ អ្នកនាង ស្រួង ភាវី រៀបរាប់ថា៖ «ស្ដែងអារម្មណ៍ថ្ងៃខ្ញុំបានជួបនឹងបង Aok Sokunkanha – ឱក សុគន្ធកញ្ញា! បង សុគន្ធកញ្ញា ជាទីស្រលាញ់ ត្បិតខ្ញុំ និង បង មិនដែលប្រាស្រ័យទាក់ទង និង មិនធ្លាប់បានជួបបងពីមុនមកទេ ប៉ុន្តែមួយរំពេចនោះខ្ញុំបានជួបបង គឺពិតជាមានអារម្មណ៍កក់ក្ដៅខ្លាំងណាស់! ឃើញភ្លាម ខ្ញុំស្គាល់បង បងក៏ស្គាល់ខ្ញុំវិញ។
ខ្ញុំស្ទុះទៅឱបបង បងក៏ស្ទុះមកឱបខ្ញុំវិញ។ បង កញ្ញា ជាទីស្រលាញ់! បុគ្គលិកលក្ខណៈរបស់បង ពិតជាគួរឱ្យគោរព សមនឹងចរិយាសម្បត្តិរបស់បង ហើយពិតជាធ្វើឱ្យខ្ញុំដិតអារម្មណ៍ចងចាំក្នុងចិត្តមិនអាចបំភ្លេចបាន។ តែគួរឱ្យស្ដាយ ព្រោះបានជួបបងរយៈពេលខ្លី ត្បិតអីពួកយើងត្រូវមានធុរៈបន្ទាន់ត្រូវបំពេញរៀងៗខ្លួន»៕