អាវរបស់ Kylian Mbappe មិនអាចរកទិញបាននៅហាងផ្លូវការរបស់ក្លិប Paris Saint-Germain ទៀតទេ។ ជាងនេះទៅទៀត ផ្ទាំងរូបភាពដែលមានមុខកីឡាករអន្តរជាតិបារាំងរូបនេះ ក៏ត្រូវបានដកចេញពីខាងក្រៅកីឡដ្ឋានរបស់ពួកគេផងដែរ។
ទង្វើបែបនេះ PSG ទំនងជាចង់គម្រាមទៅកាន់ Mbappe ដែលកុងត្រាថ្មីក៏មិនចុះ ចាកចេញទៅកាន់ក្លិបណាមួយក៏មិនចេញ ដោយចង់បន្តលេងនៅលើទឹកដីបារាំងរហូតដល់កិច្ចសន្យាបច្ចុប្បន្នជាមួយ PSG ត្រូវផុតកំណត់នៅរដូវក្ដៅឆ្នាំ២០២៤ខាងមុខ។
ក្លិបជើងឯកបារាំង Paris Saint-Germain គ្មានក្ដីសង្ឃឹមរំពឹងលើ Kylian Mbappe ក្នុងរដូវកាលថ្មីនេះទេ។ ពួកគេចង់ឱ្យខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរូបនេះ ចាកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បើមិនបន្តកុងត្រាថ្មីផង ចៀសវាងចាកចេញដោយគ្មានបានអ្វីទាំងអស់ ស្របពេលក្លិបដែល Mbappe ស្រមៃចង់ទៅលេងទាំងយប់ទាំងថ្ងៃនោះ គ្មានក្លិបណាក្រៅពី Real Madrid នោះទេ។
ប៉ុន្តែ Real Madrid មិនបានធ្វើការដេញថ្លៃលើការនាំយកកីឡាករក្នុងក្ដីស្រមៃរបស់ពួកគេ នៅក្នុងទីផ្សាររដូវក្ដៅនេះនោះទេ ដោយពួកគេគិតថា បើទ្រាំតែមួយឆ្នាំទៀតនោះពួកគេនឹងទទួលបានតារាជើងស៊ុតដ៏ឆ្នើម Mbappe ដោយហ្វ្រីតែម្ដង។
ដូច្នេះពួកគេមានតែបញ្ចុះបញ្ចូលតារារូបនេះ ធ្វើមិចកុំបន្តកុងត្រាថ្មី ហើយក៏កុំចាកចេញពី PSG ឱ្យសោះ នោះរដូវកាលក្រោយក្ដីស្រមៃអ្នកទាំងពីរ ដែលស្រឡាញ់គ្នាលួចលាក់ជាយូរណាស់មកហើយនឹងទទួលបានជោគជ័យ ដោយគ្មានអស់អ្វីទាំងអស់។
ក្រោយពីធ្វើអ្វីមិនចេញសោះនោះ PSG ដែលជាក្លិបសាម៉ីបានសម្រេចដាក់ទណ្ឌកម្មទៅ Mbappe ដោយដកឈ្មោះកីឡាកររូបនេះចេញពីក្រុមតែម្ដង។
អ្វីកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺថា ក្លិបក៏មិនដាក់លក់អាវដែលមានឈ្មោះ Mbappe ទៀតនោះដែរ រួមទាំងផ្ទាំងរូបភាពដែលមានមុខរបស់ខ្សែប្រយុទ្ធរូបនេះនៅខាងមុខកីឡដ្ឋាន ក៏ត្រូវបានរើសចេញផងដែរ។ ដូច្នេះអនាគតរបស់ Mbappe កំពុងស្ថិតក្នុងប្រធានបទក្ដៅ មិនដឹងថានឹងទៅជាយ៉ាងណានោះទេ មានតែពួកយើងរង់ចាំមើលទាំងអស់គ្នាប៉ុណ្ណោះ៕ ប្រភព :
Tribuna