លោក Erik ten Hag ដែលជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United បានស្តីបន្ទោសចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលចំពោះចំណុចខុសឆ្គងទាំង 3 ដង សម្រាប់ការបរាជ័យរបស់ក្រុមខ្លួនក្នុងលទ្ធផល 3-1 នៅក្នុងដីក្រុមម្ចាស់ផ្ទះ Arsenal កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
បិសាចក្រហមបានចាញ់ជាលើកទីពីររបស់ពួកគេ ក្នុងការប្រកួតទាំង 4 នៅ Emirates។ សម្រាប់ការប្រកួតដ៏តានតឹងរវាងក្រុមទាំងពីរ Marcus Rashford គឺជាម្ចាស់គ្រាប់បាល់បើកឆាកដែលធ្វើឲ្យ Manchester United នាំមុខមុន 1-0 ប៉ុន្តែភ្លាមៗនោះ Martin Odegaard បានស៊ុតតាមស្មើវិញ។
នៅចុងម៉ោង Alejandro Garnacho មានគ្រាប់បាល់ស៊ុតបញ្ចូលទីដែលអាចជាជ័យជម្នះសម្រាប់បិសាចក្រហម តែគួរឲ្យសោកស្ដាយដែលបាល់នោះ Offside ខណៈដែល Rasmus Hojlund បានទាមទារបាល់ប៉េណាល់ទីដោយការបង្ករកំហុសពីក្រុមជាគូប្រកួត ហើយត្រូវបានបដិសេធដោយអាជ្ញាកណ្ដាល។
បន្ទាប់មក Arsenal ក៏ស៊ុតបញ្ចូលទីបានពីរគ្រាប់ចុងម៉ោង ពីសំណាក់ខ្សែបម្រើ Declan Rice និងខ្សែប្រយុទ្ធ Gabriel Jesus ហើយធ្វើឲ្យលទ្ធផលសម្រេចចុងក្រោយ 3-1។ យ៉ាងណាក្រោយចប់ការប្រកួតលោក Erik ten Hag ដែលជាគ្រូបង្វឹករបស់ក្លឹបបាននិយាយប្រាប់ Sky Sports ថា៖
“វាមិនមែនជាបាល់ Offside ទេ សម្រាប់ការស៊ុតរបស់ Garnacho។ មានកំហុសផ្សេងទៀត។ ការទាមទារបាល់ពិន័យមិនបានសម្រេចរបស់ Hojlund និងកំហុសទៅលើ Jonny Evans (សម្រាប់គ្រាប់បាល់របស់ Declan Rice)។… អ្វីៗគ្រប់យ៉ាងបានប្រឆាំងនឹងពួកយើង”។