លោក Hugo Zacharie Thomas PELLETIER គ្រូជំនួយក្រុមជម្រើសជាតិកីឡាទ្រីយ៉ាងត្លុងកម្ពុជា នឹងពង្រឹងការបង្វឹកអត្តពលិក ដើម្បីពួកគេទទួលបានមេដាយកម្រិតណាមួយចំណោមមេដាយទាំង ៣ប្រភេទនៅព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
ខណៈដែលព្រឹត្តិការណ៍ស៊ីហ្គេមក្នុងប្រទេសកម្ពុជាខិតជិតមកដល់ ក្រុមកីឡាជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជាកំពុងបន្តការហ្វឹកហាត់ខ្លាំងក្លា ដើម្បីសម្រេចគោលដៅក្នុងនាមជាម្ចាស់ផ្ទះ ដោយដណ្តើមឱ្យបានមេដាយក្នុងកម្រិតណាមួយ។ បើតាមសម្តីគ្រូជំនួយជនជាតិបារាំងលោក PELLETIER ដែលឈ្មោះក្រៅលោក ហូហ្គូ បញ្ញា (Hugo Panha) ប្តេជ្ញាថានឹងបង្វឹកក្រុមអត្តពលិករហូតសម្រេចបានមេដាយ។
«ក្រុមជម្រើសជាតិទ្រីយ៉ាត្លុងពួកគេជាក្រុមថ្មីមួយ ហើយក្រុមនេះទើបបង្កើតបានប្រហែល ៦ឆ្នាំមុនតែប៉ុណ្ណឺង មកដល់ឥឡូវពួកគេមិនទាន់មានកម្រិតលំដាប់អន្តរជាតិនៅឡើយ ប៉ុន្តែរាល់ខែខ្ញុំមើលឃើញពួកគេមានសមត្ថភាពកើនឡើង។ ប្រហែលនៅស៊ីហ្គេមពួកយើងនឹងព្យាយាមមានមេដាយ លេខ៣ លេខ២ ឬក៏លេខ១។»។ លោក ហូហ្គូរ បញ្ញា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗក្នុងកិច្ចសម្ភាសបែបនេះ។
លោក ហូហ្គូរ បញ្ញា ដែលមានបទពិសោធន៍ក្នុងកីឡាទ្រីយ៉ាត្លុង ជាង១០ឆ្នាំ កាលរស់នៅទីក្រុង Valence ប្រទេសបារាំង បានមករស់នៅក្នុងប្រទេសកម្ពុជាគិតមកដល់ពេលនេះមានរយៈពេលជាង ៣ឆ្នាំរួចមកហើយ។ លោកបានស្គាល់ក្រុមអត្តពលិកទ្រីយ៉ាងត្លុងកម្ពុជារយៈពេល៣ឆ្នាំផងដែរ មុនពេលចូលមកបង្វឹកក្រុមកីឡានេះ ក្នុងនាមជាគ្រូជំនួយជាង ៦ខែ។
ទោះយ៉ាងណាគ្រូជំនួយសញ្ជាតិបារាំងវ័យ ២៣ឆ្នាំរូបនេះក៏បានបង្ហាញពីភាពលំបាកក្នុងការប្រជែងយកមេដាយនៅស៊ីហ្គេមនាពេលខាងមុខផងដែរ។ ហូហ្គូ បញ្ញា សង្កត់ធ្ងន់ថាទ្រីយ៉ាត្លុងមាន វិញ្ញាសារតិចជាងប្រភេទកីឡាដទៃដែលពិបាកក្នុងការដណ្តើមមេដាយ។
លោក ហូហ្គូរ បញ្ញា និយាយដូច្នេះថា៖«នៅស៊ីហ្គេម កីឡាទ្រីយ៉ាត្លុងមានត្រឹមតែ ៨វិញ្ញាសាប៉ុណ្ណោះ ឯកីឡាដទៃទៀតមានដល់ ៥០វិញ្ញាសា។ ទ្រីយ៉ាត្លុងពិបាកក្នុងការដណ្តើមមេដាយមួយព្រោះវិញ្ញាសាតិចពេក»។ យ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះនៅតែមានក្តីរំពឹងថាក្រុមទ្រីយ៉ាត្លុងកម្ពុជាទទួលបានមេដាយចំនួន ១ ឬ ២ នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។
ដោយឡែកទាក់ទងនឹងការហ្វឹកហាត់ លោកបានជំរុញដល់ក្រុមអត្តពលិកទាំងកម្លាំង និងបច្ចេកទេស បើទោះបីជាថ្ងៃខ្លះ ការហ្វឹកហាត់ប្រឈមនឹងកត្តាអាកាសធាតុដូចជាមានភ្លៀងធ្លាក់ពីព្រឹកប្រលឹមដែលផ្តល់ផលវិបាកសម្រាប់អត្តពលិក។
ជាក់ស្តែងមិនខុសពីការលើកឡើងរបស់អត្តពលិកឡើយជុំវិញញ្ហាប្រឈមក្នុងទឹកសមុទ្រ លោក ហូហ្គូរ បញ្ហា ក៏បានលើកឡើងពីការលំបាករបស់ត្រីពពុះទឹក ឬ Jellyfish ដែលរំខានដល់ការហ្វឹកហាត់។ បច្ចុប្បន្ននៅពេលកត្តាសត្វក្នុងសមុទ្រក្លាយជាបញ្ហាប្រឈមពេលហ្វឹកហាត់ក្រុមអត្តពលិកទាំងអស់ បានផ្លាស់ប្តូរទៅហ្វឹកហាត់ក្នុងអាងហែលទឹកជំនួសវិញ ហើយការផ្លាស់ប្តូរនេះក៏ដើម្បីរំសាយអារម្មណ៍តានតឹងពេលហ្វឹកហាត់ ជំនួសឱ្យការអនុវត្តផ្ទាល់ក្នុងទឹកសមុទ្រ។
សម្រាប់ប្រភេទកីឡាទ្រីយ៉ាត្លុង គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះថានេះជាប្រភេទកីឡាដែលលោកចូលចិត្ត ព្រោះតែវាជាកីឡាតែមួយដែលមានប្រភេទកីឡា ៣រួមបញ្ចូលគ្នា ខុសពីកីឡាដទៃដែលមានតែមួយមុខ។
គួររំលឹកថា កីឡាទ្រីយ៉ាត្លុងជាប្រភេទកីឡាកម្រិតអូឡាំពិកដែលមានវិញ្ញាសារ ៣ រួមបញ្ចូលគ្នារួមមាន ហែលទឹក, ជិះកង់ និងរត់។ កីឡានេះតម្រូវឱ្យអត្តពលិកត្រូវការកម្លាំងកាយសម្បទាខ្លាំងរឹងមាំ បូករួមជាមួយបច្ចេកទេសខ្ពស់ផង៕