គូទេវតាប្រទាន! តាមពិត មិត្តប្រុសរបស់វីរកីឡាការិនី ខាន់ ចេសា ក៏ជាកីឡាករជឺជីតស៊ូដ៏ឆ្នើមមួយរូប…

ខែ​ឧសភា 9, 2023

បើនិយាយដល់កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា នរណាក៏លើកសរសើរពីនាងតូចរូបនេះដែរ។ ខាន់ ចេសា មានអាយុទើបតែ ២២ ឆ្នាំប៉ុណ្ណោះ តែនាងបានសាងកេរ្ដិ៍ឈ្មោះយ៉ាងល្បីល្បាញលើឆាកអន្ដរជាតិ។

ក្រៅពីជីវិតលើវិស័យកីឡា ក្រឡេកទៅមើលជីវិតឯកជនរបស់គ្រាប់ពេជ្រកម្ពុជារូបនេះ មហាជនអ្នកគាំទ្រច្បាស់ជាបានដឹងខ្លះមកហើយពីជីវិតគ្រួសាររបស់នាង ដែលមានឪពុកឈ្មោះ លោក Peter El Khan និង ម្តាយឈ្មោះ April Marie Khan។

កីឡាការិនី ខាន់ ចេសា បានចាប់ផ្ដើមហ្វឹកហាត់នៅឆ្នាំ ២០១០ ពោលគឺតាំងពីនាងអាយុ ៨ ឆ្នាំមកម្ល៉េះ។ បន្ទាប់ពីហ្វឹកហាត់ច្រើនឆ្នាំរួចមក ចេស្ដា បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍តំបន់ អាមេរិក អឺរ៉ុប និង លើឆាកពិភពលោកជាច្រើន។

ពាក់ព័ន្ធនឹងរឿងរ៉ាវបេះដូងរបស់កីឡាការិនីម្ចាស់មេដាយមាស ជឺជីតស៊ូ No-Gi Sea Game 2023 របស់កម្ពុជារូបនេះវិញ បើតាមការចាប់អារម្មណ៍នៅលើបណ្ដាញសង្គម IG នោះ មហាជនបានដឹងថា ស្រីស្អាតរូបនេះមានម្ចាស់បេះដូងហើយ។

មិនតែប៉ុណ្ណោះថ្មីៗនេះ លើបណ្តាញសង្គម Tik Tok កំពុងផ្ទុះចែករំលែករូបភាពផ្អែមល្ហែមរបស់កីឡាការិនី ខាន់ ចេសា និង គូស្នេហ៍ ដែលគេបានដឹងថា ក៏ជាកីឡាករជឺជីតស៊ូ ខ្សែក្រវាត់ខ្មៅដូចរូបនាងដែរគឺមានឈ្មោះថា លោក Zach Kaina ជាជនជាតិអាមេរិក។

ងាកទៅកាន់កីឡាករ ជឺជីតស៊ូ ខ្សែក្រវាត់ខ្មៅ Zach Kaina ដែលជាគូស្នេហ៍របស់ ខាន់ ចេសា គឺមានឈ្មោះពេញថា Zachary Kaima’alili Kaina-Kokubun។

លោក Zach Kaina មិនត្រឹមតែជាកីឡាករជឺជីតស៊ូ ដែលធ្លាប់វាយដណ្តើមមេដាយមាស និង មេដាយផ្សេងៗ​ទៀតជាច្រើននោះទេ លោកក៏ជាគ្រូបង្វឹកកីឡាជឺជីតស៊ូ ដូចទៅនឹង ខាន់ ចេសា ដូចគ្នា។

ចំនុចដ៏សមប្រកបខាងលើនេះហើយ បានធ្វើឱ្យមហាជនអ្នកគាំទ្រលើកឡើងថា ខាន់ ចេសា និង គូស្នេហ៍គឺពិតជាគូជីវិតដ៏ស័ក្តសម ក៏ព្រោះតែអ្នកទាំងពីរសុទ្ធសឹងតែជាម្ចាស់មេដាយផ្នែកកីឡាជឺជីតស៊ូដូចគ្នា។

លើសពីនោះ បើសង្កេតមើលតាមរយៈរូបភាពដែលបង្ហោះនៅលើបណ្ដាញសង្គមឃើញថា ខាន់ ចេសា និង មិត្តប្រុសរបស់នាង លោក Zach Kaina គឺជាមិត្តនឹងគ្នា ហ្វឹកហាត់កីឡាជាមួយគ្នាកាលពីនៅក្មេងៗឯណោះ ទម្រាំបោះជំហានបើកបេះដូងក្លាយជាសង្សារ៕