ក្រោយតស៊ូគ្នាពេញ៥ទឹក ទីបំផុតបង្គោលក្រហមកីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា យកឈ្នះបង្គោលខៀវ សាមី បេនឆាមេក មកពីប្រទេសថៃ ដោយពិន្ទុ នៅក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរកម្មវិធី «ប្រដាល់គ្រុឌគុនខ្មែរ» នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នាទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងទឹក១ សម្រាប់កីឡាករទម្ងន់ធ្ងន់ទាំងពីរ រវាង ធឿន ធារ៉ា និង សាមី បេនឆាមេក មិនសូវជាមានការប្រយុទ្ធគ្នាខ្លាំងក្លានោះទេ ដោយមានត្រឹមតែគោះស្ទាបស្ទង់គ្នាតិចតួចតែប៉ុណ្ណោះ។ ចូលទឹក២ ធារ៉ា ព្យាយាមដើរចូលដើម្បីបញ្ចេញស្នៀតប្រចាំសហស្សនាម កែងពិឃាដ របស់ខ្លួនតែ សាមី ទប់ទល់បានដោយមិនឱ្យកែងបករបស់ ធឿន ធារ៉ា យាយីបានឡើយ។
ចូលដល់ទឹក៣ អ្នកទាំងពីរមិនសូវជាមានការត្រគោះប៉ះគ្នាខ្លាំងនោះទេ។ ចូលដល់ទឹក៤ ការប្រយុទ្ធរវាងកីឡាករកម្ពុជា កាន់តែបង្កសំឡេងអ្នកគាំទ្រហ៊ោរជាកម្លាំងចិត្ត រហូតខ្លួនព្យាយាមវាយកីឡាករថៃ រញ្ជួយសង្វៀននាទឹកដីប៉ោយប៉ែតផងដែរ។ យ៉ាងណាបន្តដល់ទឹក៥ ការប្រយុទ្ធ ក៏រាងថមថយកម្លាំងរៀងខ្លួនរវាង ធារ៉ា និងសាមី បានត្រឹមគោះដៃគ្នាជាសញ្ញាសម្រាកយកកម្លាំងរៀងខ្លួន។
បញ្ចប់ការប្រកួតពេញ៥ទឹក មន្រ្តីចៅក្រមទាំងបួនរូប សម្រេចផ្តល់ពិន្ទុជាឯកច្ឆ័នដល់បង្គោលក្រហមកីឡាករគុនខ្មែរ អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា ឈ្នះបង្គោលខៀវកីឡាករថៃ សាមី បេនឆាមេក ដោយពិន្ទុ ទាំងការប្រយុទ្ធនេះពោរពេញដោយភាពតានតឹង៕