បើទោះបីជាអវត្តមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ក៏ដោយ ប៉ុន្តែការឈ្នះ 3-2 ទៅលើក្លឹប Al-Duhail នៅក្នុងពានរង្វាន់ AFC Champions League កាលពីថ្ងៃទី07 ខែវិច្ឆិកាកន្លងទៅថ្មីៗនេះបានក្លាយជាការប្រកួតដែលមានអ្នកទស្សនាច្រើនបំផុតប្រចាំឆ្នាំ 2023 ។
CR7 បានអវត្តមាននៅពេលដែលក្រុមដែលដឹកនាំដោយលោក Luis Castro បានធ្វើដំណើរទៅកាន់ប្រទេសកាតាដើម្បីប្រកួតក្នុងវគ្គចែកពូលជាលើកទីបួនរបស់ពួកគេ ខណៈដែលការប្រកួតបានបញ្ចប់ទៅដោយលទ្ធផលតានតឹងខ្លាំងមែនទែន។ អតីតខ្សែប្រយុទ្ធរបស់ក្លឹប Liverpool កីឡាករ Philippe Coutinho បានស៊ុតបើកការនាំមុខមួយគ្រាប់មុននៅនាទីទី 08 ឲ្យក្លឹប Al-Duhail មុនពេលដែលខ្សែប្រយុទ្ធរបស់ក្លឹប Al-Nassr កីឡាករ Talisca រកបាន Hat-Trick ជួយឲ្យក្លឹបរបស់គាត់នាំមុខវិញដោយលទ្ធផល 3-1 វិញនៅនាទីទី 27,37 និង 65 ។
បន្ទាប់មក Coutinho ដដែលក៏រកបានមួយគ្រាប់មកវិញ ដោយបញ្ចប់ការប្រកួតទៅ Al-Nassr បានយកឈ្នះ Al-Duhail 3-2 ។ យ៉ាងណាមិញ បើយោងតាមគេហទំព័រ Alharbi បានឲ្យដឹងថា ការប្រកួតរវាងក្លឹបទាំងពីរនេះនៅកីឡដ្ឋាន Khalifa International Stadium គឺជាការប្រកួតដែលមានអ្នកមើលច្រើនជាងគេនៅឆ្នាំ 2023 នេះ ពោលគឺច្រើនជាងការប្រកួត 10 ទៀតនៅពានរង្វាន់ AFC Champions League និង 05 ប្រកួតទៀតនៅពានរង្វាន់ UEFA Champions League បើទោះបីជាអវត្តមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ក៏ដោយ ៕