ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប្រកាសចែកផ្លូវជាមួយលោក Conor Nestor ដែលជាគ្រូបង្គោល ក្រោយរួមរស់ជាមួយគ្នា អស់រយៈពេល៥ឆ្នាំ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់«ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង» នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។–
ក្លិបព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ថា ការចែកផ្លូវនេះ ដោយសារមានក្លិបបរទេសមួយស្នើសុំឱ្យលោក Conor ទៅកាន់ជាតំណែងគ្រូបង្គោលថ្មីនៅទីនោះ។ ក្លិបបញ្ជាក់បន្ថែមថា ការប្រកាសចែកផ្លូវនេះ ស្របតាមការព្រមព្រៀងភាគីទាំងពីរ។
បច្ចប្បន្ននេះលោក Conor Nestor សញ្ជាតិអៀរឡង់ វ័យ៣៨ឆ្នាំ កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ។ តែបើតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ក្លិបវិញ លោក Conor នឹងចាកចេញពីកម្ពុជា នៅសប្តាហ៍បន្ទាប់នេះ។
សម្រាប់ក្លិបថ្មីរបស់លោក Conor Nestor ដែលត្រូវទៅកាន់តំណែងនោះ មានឈ្មោះថា«Hyderabad FC» លីគកំពូលរបស់ប្រទេសឥណ្ឌា ។ នេះបើយោងតាម Instagram: Official Kingdom of Football «ទីផ្សារដោះដូរកីឡាករក្នុងស្រុករបស់កម្ពុជា» ដែលបង្ហោះនៅថ្ងៃទី១០ ខែមេសា នេះ។
គួរំឮកផងដែរថា លោក Conor Nestor ចូលមកដឹកនាំក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ។ នៅឆ្នាំ២០១៩ លោកបានជួយឱ្យក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះពានរង្វាន់ Metfone Cambodian League ហើយលោកបានជួយឱ្យក្រុមមានឈ្មោះលេងក្នុងពានរង្វាន់ AFC CUP វគ្គPlay-off នៅឆ្នាំ២០២០ ផងដែរ៕