គ្រូបង្វឹករបស់ក្រុមបាល់ទាត់បុរសជម្រើសជាតិអាយុក្រោម 22 ឆ្នាំ (U-22) របស់ប្រទេសថៃ បានអះអាងថា មិនព្រួយបារម្ភអំពីការងាររបស់ក្រុមអាជ្ញាកណ្ដាល បើទោះមិនមានជំនួយពីបច្ចេកវិទ្យា VAR នៅស៊ីហ្គេមលើកទី 32។
ដើម្បីត្រៀមខ្លួនឱ្យបានល្អបំផុតសម្រាប់ការប្រកួតនៅស៊ីហ្គេមលើកនេះ កាលពីល្ងាចថ្ងៃទី 28 មេសា ក្រុម U-22 ថៃ បានធ្វើការហ្វឹកហាត់ថ្ងៃទីពីរនៅឯកីឡដ្ឋានអគ្គិសនីកម្ពុជា (EDC) នៅរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Issara Sritaro ។
នៅពេលត្រូវបានសួរអំពីការងាររបស់ក្រុមអាជ្ញាកណ្ដាលនៅស៊ីហ្គេមលើកនេះ គ្រូបង្វឹក Sritaro ឱ្យដឹងថា លោកមិនមានការព្រួយបារម្ភចំពោះអាជ្ញាកណ្ដាល បើទោះបច្ចេកវិទ្យា VAR ដែលជួយផ្ដល់ភាពសុក្រឹតដល់ការកាត់ក្ដីរបស់អាជ្ញាកណ្ដាល មិនត្រូវបានប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ 2023។
ទន្ទឹមនឹងបញ្ហាខាងលើ គ្រូបង្វឹកអាយុ 43 ឆ្នាំរបស់ U-22 ថៃ ក៏បានឱ្យដឹងថា លោកមិនពេញចិត្តចំពោះទីលានហ្វឹកហាត់ EDC ដែលម្ចាស់ផ្ទះកម្ពុជាផ្ដល់ឱ្យ U-22 ថៃ។ ក្រុមគ្រូបង្វឹកថៃក៏បានសម្រេចចិត្តស្វែងរកទីលានហ្វឹកហាត់ថ្មីដើម្បីមានលក្ខខណ្ឌល្អបំផុតសម្រាប់ U-22 ថៃ នៅស៊ីហ្គេម។
លោក Sritaro ពន្យល់ថា «ទីលានហ្វឹកហាត់ EDC ដែលម្ចាស់ផ្ទះផ្ដល់ជូន U-22 ថៃ ប្រើប្រាស់ស្មៅ carpet ខុសពីស្មៅ bermuda នៅកីឡដ្ឋានព្រីនស៍…។ ផ្ទៃរបស់ទីលាន EDC រឹងខ្លាំងពេក ដូច្នេះហានិភ័យរងរបួសរបស់កីឡាករក៏មានកម្រិតខ្ពស់។ យើងពិតជាព្រួយបារម្ភចំពោះបញ្ហានេះ»។
នៅស៊ីហ្គេមលើកទី 32 U-22 ថៃ ស្ថិតក្នុងពូល B ជាមួយនឹងវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ ប្រធានសហព័ន្ធបាល់ទាត់ថៃ (FAT) បានដាក់គោលដៅឱ្យក្រុម U22 ថៃ និងក្រុមបាល់ទាត់នារីជម្រើសជាតិប្រទេសនេះ ត្រូវដណ្ដើមឱ្យបានមេដាយមាសពីស៊ីហ្គេមនៅកម្ពុជា៕