កំណត់ត្រាទាំង ១០ របស់ Cristinao Ronaldo ដែលអ្នកមិនសូវបានដឹង…

ខែ​មេសា 22, 2023

Cristiano Ronaldo គឺជាកំពូលកីឡាករបាល់ទាត់នាសតវត្សរ៍​នេះ ដោយផ្អែកលើកំណត់ត្រា​ និងស្ថិតិរបស់គេ ដែលសម្រេចបានក្នុងអាជីពជាង ២០ឆ្នាំមកនេះ។

យ៉ាងណាមិញ មានកំណត់ត្រាខ្លះ ដែលអ្នកគាំទ្ររបស់តារាបាល់ទាត់ព័រទុយហ្គាល់រូបនេះមិនសូវបានដឹងឡើយ ខណៈដែលកំណត់ត្រាទាំង ១០ ខាងក្រោមនេះ បើបានដឹងហើយប្រាកដជាភ្ញាក់ផ្អើលកាន់តែខ្លាំង៖

១, Ronaldo បំបែកកំណត់ត្រាដ៏អស្ចារ្យនៅ World Cup

Cristiano Ronaldo គឺជាកីឡាករដំបូងគេដែលអាចរកគ្រាប់បាល់នៅ World Cup ៥លើកផ្សេងគ្នា ខណៈដែល Messi, Klose, Uwe Seeler និងលោកតា Pele ធ្វើបានត្រឹម ៤លើកប៉ុណ្ណោះ។

២, កំណត់ត្រានៅជម្រើសជាតិ

Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ព័រទុយហ្គាល់តែម្នាក់គត់ដែលរកគ្រាប់បាល់ជូនជម្រើសជាតិបានច្រើនដាច់គេនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ព័រទុយហ្គាល់ រហូតដល់ទៅ ១១៨គ្រាប់។

៣, កំណត់ត្រាក្នុងវគ្គជម្រុះ World Cup

Cristiano Ronaldo គឺជាកីឡាករដំបូងគេដែលទាត់ប៉េណាល់ទីបញ្ចូលទីបានដល់ទៅ ២គ្រាប់ក្នុងរយៈពេលត្រឹម ១១នាទីដំបូងប៉ុណ្ណោះ ក្នុងវគ្គជម្រុះ World Cup កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។

៤, កំណត់ត្រានៅ UEFA Champions League

Cristiano Ronaldo គឺជាកីឡាករដែលចូលលេងជម្រើស ១១ដំបូងក្នុងពានរង្វាន់ UEFA Champions League ច្រើនបំផុត រហូតដល់ទៅ ១៨៣ប្រកួត (នៅ Man United ៥៩ប្រកួត, នៅ Real Madrid ១០១ប្រកួត និងនៅ Juventus ២៣ប្រកួត)។

៥, កំណត់ត្រាមួយទៀតនៅ Champions League

ខ្សែប្រយុទ្ធជួរមុខរបស់ក្លិប Al-Nassrs រូបនេះធ្លាប់ជាប់ឈ្មោះជាម៉ាស៊ីនរកគ្រាប់បាល់នៅ Champions League ដោយគេអាចសម្រេចបានរហូតដល់ទៅ ១៤១គ្រាប់ មុនចាកចេញពីអឺរ៉ុប មកលេងនៅអាស៊ី។

៦, កំណត់ត្រាមួយទៀតនៅ Champions League

Cristiano Ronaldo គឺជាកីឡាករដែលទាត់បញ្ចូលទីចាប់ពី ២គ្រាប់ក្នុង ១ប្រកួតច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រ Champions League រហូតដល់ទៅ ៣០ដង។

៧, ស្មើកំណត់ត្រាមួយជាមួយ Messi

Ronaldo មានកំណត់ត្រាមួយស្មើជាមួយគូប្រជែង Messi គឺជាប់ជាកីឡាករដែលធ្វើបាន Hat-Trick ច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រ Champions League ដោយ GOAT ទាំង២ ធ្វើបាន ៨ដងដូចគ្នា (ក្នុងនោះ Ronaldo ធ្វើបាន Hat-Trick ៧លើកជាមួយ Real Madrid និង ១លើកនៅ Juventus)។

៨, កំណត់ត្រានៅ Real Madrid

ចាប់តាំងពីក្លិបបង្កើតឡើងនៅឆ្នាំ១៩០២ (អាយុ ១២១ឆ្នាំ) គ្មានកីឡាករណាម្នាក់នៅក្នុងក្លិប Real Madrid អាចរកគ្រាប់បាល់បានច្រើនលើស Cristiano Ronaldo ឡើយ ដោយខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនោះរកបានរហូតដល់ទៅ ៤៥១គ្រាប់ ក្រោយចំណាយពេលជាមួយ Real Madrid អស់ ៩ឆ្នាំ។

៩, កំណត់ត្រានៅពានរង្វាន់ UEFA EURO

Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ដំបូងគេ និងតែមួយគត់ដែលបានចូលលេងជម្រើស ១១ដំបូងនៅព្រឹត្តិការណ៍ UEFA EURO ដល់ទៅ ៥លើកជាប់ៗគ្នា (២០០៤ (ម្ចាស់ផ្ទះ), ២០០៨, ២០១២, ២០១៦ និង ២០២០)។

១០, កំណត់ត្រានៅ Juventus

Cristiano Ronaldo ក្លាយជាកីឡាករដំបូងគេនៅក្នុងប្រវត្តិសាស្ត្រក្លិប Juventus ដែលអាចរកបាន ១០០គ្រាប់ ត្រឹមតែពេល ៣រដូវកាលដំបូងប៉ុណ្ណោះ៕