កីឡា​ម៉ូតូ​ទឹក​ថា​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ស៊ីហ្គេម​២០២៣​ខាង​មុខ​

ខែ​មករា 4, 2023

ការ​ប្រកួត​កីឡា​ម៉ូតូទឹក​ជើង​ឯកពិភពលោក ​ជុំចុងក្រោយ (Jet Ski World Series) ឆ្នាំ២០២២ នៅ​ទីក្រុង​ប៉ាតាយ៉ា ​ប្រទេសថៃ ​និង​កា​រប្រកួត​កម្រិត​ជាតិ​ ២លើកទៀតនាដើមឆ្នាំ២០២៣​ គឺគ្រប់គ្រាន់​សម្រាប់​ការ​ត្រៀមខ្លួន​ប្រជែង​មេដាយ ​និង​ម្ចាស់​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ លើកទី៣២ ​ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកប​ដោយ​សក្តានុពល​ និង​ភាពជឿជាក់។

លោក ប៊ូ វិរៈ អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូ​ទឹកកម្ពុជា​ថ្លែង​នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ នា​ល្ងាច​ថ្ងៃទី១៤ ​ខែធ្នូ ឆ្នាំ២០២២ថា ការប្រកួតកម្រិតអន្តរជាតិនេះ គឺមានសារ​សំខាន់ខ្លាំង​សម្រាប់​សហព័ន្ធ​ ក្នុង​ការពង្រឹង​សមត្ថភាព​កីឡាករ និងមន្រ្តីបច្ចេកទេស។ ជាពិសេសពង្រឹងលើការរៀបចំ ដើម្បី​ស្ទាបស្ទង់​ និងដកបទពិសោធន៍ពីចំនុចខ្វះខាត យក​មកសិក្សា​ស្វែងយល់​រកចំនុចខ្លាំង​លើ​គ្រប់​ផ្នែក​ឲ្យបានរួចរាល់ ​និងល្អប្រសើរ។ ​ការប្រកួតជើងឯកពិភពលោក ជុំចុងក្រោយនេះ សហព័ន្ធមាន​ទំនុក​ចិត្ត​លើកីឡាករ​កម្ពុជា ​ទាំង៧រូប ជាពិសេសកីឡាករ សាលី អូម៉ើត ជាម្ចាស់មេដាយមាស កីឡា​អាស៊ី ឆ្នាំ២០១៨ ​នៅប្រទេសឥណ្ឌូនេស៊ី និងជា​កីឡាករលេចធ្លោ​ដែលទទួលបានការ​កោត​សរសើរ​ពី​កីឡាករ​អន្តរជាតិ​ រួមជាមួយកីឡាករខ្លាំងៗជាច្រើនរូបទៀត ដូចជា មីន ម៉ូស្តាន់ និង កៃ វ៉ាន់​សីដេន ជាដើម។

ក្រៅពីកីឡាករខ្លាំងៗ សហព័ន្ធក៏បានបញ្ជូនកីឡាករវ័យក្មេងមួយរូប ចូលរួមប្រកួតដកស្រង់បទពិសោធន៍ បន្សាំខ្លួនពីការប្រកួតកម្រិតអន្តរជាតិជាមួយរៀមច្បង និងកីឡាករអន្តរជាតិ រួមទាំងមន្រ្តីបច្ចេកទេស ៨រូប ដែលបានការឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិ CAMSOC មករៀនសូត្រ ស្វែងយល់ពីបច្ចេកទេសរៀបចំ និងសម្ភារផ្សេងៗដែលសហព័ន្ធខ្វះខាត យកទៅបំពេញបន្ថែម ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ប៊ូ វិរៈ។