ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ (U22) ដែលជាឈុតត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ត្រូវប៉ះម៉ាឡេស៊ី ក្នុងការប្រកួតពានរង្វាន់ Merlion Cup ឆ្នាំ២០២៣ ដែលរៀបចំនៅប្រទេសសិង្ហបុរី។ ម្ចាស់ផ្ទះសិង្ហបុរី ត្រូវជួបហុងកុង។
ក្រោយចាប់ឆ្នោតរើសគូព្រឹត្តិការណ៍ពានរង្វាន់ Merlion Cup 2023 អាយុក្រោម២២ឆ្នាំ ក្រុមកម្ពុជាត្រូវប្រកួតជាមួយម៉ាឡេស៊ីនៅថ្ងៃទី២៤ ខែមីនា វេលាម៉ោង៤រសៀល [ម៉ោងនៅកម្ពុជា] មុនការជួបគ្នារវាងសិង្ហបុរី ទល់ហុងកុងនៅម៉ោង ៧:៣០យប់ ថ្ងៃដដែល។
ពាន Merlion Cup បានអាកខានរៀបចំរយៈពេល៣ឆ្នាំមកហើយ ក្រោយការប្រកួតលើកចុងក្រោយនៅឆ្នាំ២០១៩។ Merlion Cup ដែលជាគំនិតផ្តួចផ្តើមរបស់សិង្ហបុរី បង្កើតឡើងដំបូងនៅឆ្នាំ១៩៨២ និងបន្តការប្រកួតរៀងរាល់ឆ្នាំជាប់គ្នារហូតដល់ឆ្នាំ១៩៨៦។ ការប្រកួតលើកទី៦ ធ្វើឡើងនៅឆ្នាំ១៩៩២ ហើយទី៧ និងទី៨ ធ្វើនៅឆ្នាំ២០០៩ និង២០១៩។ រៀបចំ៨លើក ម្ចាស់ផ្ទះសិង្ហបុរីឈ្នះពាននេះ១លើកគត់នៅឆ្នាំ២០១៩។
អូស្ត្រាលី ឈ្នះពាន Merlion Cup ច្រើនជាងគេចំនួន២លើកនៅឆ្នាំ១៩៩២-១៩៩៣។ អ៊ីរ៉ាក់ឆ្នាំ១៩៨៤, យូហ្គោស្លាវីឆ្នាំ១៩៨៥, ចិនឆ្នាំ១៩៨៦, កូរ៉ាខាងត្បុងឈុត B ឆ្នាំ១៩៩២, និង Liverpool ឆ្នាំ២០០៩។
នៅឆ្នាំ២០២៣នេះ សិង្ហបុរីបានអញ្ញើញ ក្រុម U23 កម្ពុជា ម៉ាឡេស៊ី និងហុងកុង ដើម្បីប្រកួតដណ្តើមពាន Merlion Cup នេះ។ ដោយសារមាន៤ក្រុម ដូច្នេះក្រុមណាឈ្នះប្រកួតដំបូងនឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ហើយក្រុមចាញ់ត្រូវប្រកួតដណ្តើមយកលេខ៣។
ការប្រកួត Merlion Cup 2023 ចាប់ផ្តើមធ្វើនៅនថ្ងៃទី២៤ ដល់ថ្ងៃទី ២៦ ខែមីនា នៅប្រទេសសិង្ហបុរី ដោយប្រើកីឡដ្ឋាន Jalan Besar តែមួយប៉ុណ្ណោះ។
សម្រាប់កម្ពុជា ការប្រកួត Merlion Cup 2023 ជាផ្នែកមួយដើម្បីជាផ្នែកមួយដើម្បីតេស្តកីឡាករដែលត្រូវកំពុងប្រមូលផ្តុំហ្វឹកហាត់ដើម្បីត្រៀមដណ្តើមមេដាយនៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣៕